ការប្រកួតកីឡាជ្រើសរើសជើងឯកសិស្សបឋមសិក្សាឆ្នាំសិក្សាឆ្នាំ២០២៣-២០២៤ខេត្តកំពង់ធំត្រូវបានបញ្ចប់

30

 

(កំពង់ធំ)៖ការប្រកួតកីឡាជ្រើសរើសជើងឯកសិស្សបឋមសិក្សាឆ្នាំសិក្សាឆ្នាំ២០២៣-២០២៤ខេត្តកំពង់ធំត្រូវបានបញ្ចប់ ក្រោមវត្តមានលោក តាន់ ប៊ុនហុង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ដោយមានការចូលរួមពីលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សជាកីឡាករ-កីឡាការិនីជិត៨០០នាក់ នៅសាលាបឋមសិក្សាអនុវត្ត ហ៊ុន សែន អាចារ្យលាក់ ក្រុងស្ទឹងសែន នារសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ ។

លោក ឃឹម សេង ប្រធានការិយា័យកីឡានៃមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ធំ បានលើកឡើងពីចំនួនកីឡាករចូលរួមប្រកួតជ្រើសរើសជើងឯកគឺមានចំនួន៤៨២នាក់ កុមារី ១៧២នាក់ ដែលមកពី៩ ក្រុង ស្រុក ទូទាំងខេត្ត ក្នុងនោះប្រភេទបាល់ទាត់មាន១៣ ក្រុមកុមារា១៦២នាក់កុមារី៧២នាក់បាល់ទះមាន១២ក្រុមកុមារា ៩៦នាក់ កុមារី៤៨នាក់បាល់បោះមាន៤ក្រុមកុមារា២៨នាក់កុមារី២៤នាក់និងអត្តពលកម្មមាន១៤ក្រុមកុមារី២៨នាក់ស្រី២៨នាក់។

លោកបានបន្តទៀតថា ការប្រកួតនេះមានរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី២២១ ដល់ថ្ងៃទី២ ខែ២មីនា ឆ្នាំ២០២៤ ដើម្បីជ្រើសរើសយកកីឡាករដែលល្អ សម្រាប់យកទៅប្រកួតនៅថា្នក់ជាតិនៅពេលខាងមុខ។

លោក តាន់ ប៊ុនហុង បានផ្តាំផ្ញើកីឡាករកីឡាការិនីទាំងអស់ ត្រូវបញ្ចេញសមត្ថភាពឱ្យអស់ ដើម្បីទទួលបានជោគជ័យជូនសាលារៀន ស្រុករបស់ខ្លួនការប្រកួតប្រជែងមិនមែនតែប្រើកំលាំងបាយនោះទេ គឺត្រូវប្រើលក្ខណៈ បច្ចេកទេសត្រូវមានការយោគយល់អធ្យាស្រ័យគ្នា គោរពតាមបទបញ្ជាផ្ទៃក្នុង ធ្វើការួបរួមគ្នាសាមគ្គីគ្នាឈ្នះដោយកិត្តិយស ចាញ់ដោយកិត្តិយស ដោយស្រឡាញ់ រាប់អានគ្នាជាបងប្អូន សាមគ្គីភាព រវាងកីឡាករ/ការិនី រវាងក្រុម និងក្រុមកាន់តែមានសារ:សំខាន់ថែមទៀត លើពីការឈ្នះចាញ់។ពិសេសនៅពេលនេះក្មួយៗកំពុងសិក្សាពីបច្ចេកទេស
នៃការលេងក៏ដូចជាត្រៀមអបអរសាទរនូវកីឡាស៊ីហ្កេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

លោកបានផ្តាំផ្ញើដល់កីឡាករទាំងអស់ ត្រូវចៀសឱ្យឆ្ងាយពីគ្រឿងញៀន ព្រោះគ្រឿងញឿនវាបំផ្លាញអនាគតរបស់យើង ត្រូវគោរពច្បាប់ចរាចរណ៍ និងត្រូវខិតខំរៀនសូត្រ ដើម្បីឱ្យក្លាយជាពលរដ្ឋល្អនាពេលអនាគត។
គួរបញ្ជាក់ថា លទ្ធផលទទួបានរួមមាន៖

*ផ្នែកអត្តពលកម្មលេខ១ បានទៅលើស្រុកសន្ទុក
*ផ្នែកកីឡាក្រុមបាល់បោះនារីលេខ១ បានទៅក្រុងស្ទឹងសែន
*បាល់បោះកុមារាលេខ១ បានទៅក្រុងស្ទឹងសែន
*បាល់ទះកុមារីលេខ១ បានទៅក្រុងស្ទឹងសែន
*បាល់ទះកុមារាលេខ១ បានទៅសាកស្រុកប្រាសាទបល្ល័ង្ក
*បាល់ទាត់នារីលេខ១ បានទៅស្រុកកំង់ស្វាយ
*បាល់ទាត់បុរសលេខ១ បានទៅស្រុកសណ្តាន់៕