ឧត្តមសេនីយ៍ទោ ម៉ែន លី និងក្រុមការងារ ចុះសួរសុខទុក្ខលោកវរសេនីយ៍ទោ បេង ហ៊ុន មន្ត្រីនគរបាលជាតិដែលសម្រាកព្យាបាលជម្ងឺ នៅគេហដ្ឋាន 

45

 

(កំពង់ធំ)÷ ឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តកំពង់ធំ ក្នុងនាមលោកជាប្រធានអង្គភាព នៅពេលដែលទទួលដំណឹង មានមន្ត្រីក្រោមឱវាទ របស់លោកជួបទុក្ខលំបាក ឬមានជំងឺឈឺថ្កាត់ លោកតែងតែ ដឹកនាំកងកម្លាំង ចុះសាកសួរសុខទុក្ខ ដើម្បីលើកទឹកចិត្ត ផ្ដល់ភាពកក់ក្ដៅ ដល់មន្ត្រីនគរបាលរូបនោះ ថែមទាំងឧបត្ថម្ភ សម្ភារៈថវិកាមួយចំនួន។

ឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្ត បានឆ្លៀតឱកាសជួបសំណេះសំណាលសាកសួរសុខទុក្ខមន្ត្រីនគរបាលជាតិចំនួន០១គ្រួសារ ដែលសម្រាកព្យាបាលជម្ងឺ នៅគេហដ្ឋាន នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤។
លោកវរសេនីយ៍ទោ បេង ហ៊ុន នាយរងការិយាល័យប្រឆាំងគ្រឿងញៀនរស់នៅភូមិគោកងួន ឃុំត្រពាំងឬស្សី ស្រុក កំពង់ស្វាយ ខេត្តកំពង់ធំ។

លោកឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្ត មានប្រសាសន៍សំណេះសំណាល ជាមួយគ្រួសារអ្នកជម្ងឺ បានថ្លែងអំណរគុណ ចំពោះឪពុកម្តាយ និងភរិយា ដែលអនុញ្ញាតិឱ្យបុត្រាស្វាមីចូលបម្រើការងារ ជាកងកម្លាំងនគរបាលជាតិ ដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម និងថ្លែងការចូលរួមរំលែកទុក្ខ ការលំបាកសោកស្ដាយ ចំពោះហេតុការ ដែលបានកើតឡើងលើគ្រួសារលោកស្រី។

លោកឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្ត បានផ្ដាំផ្ញើ ដល់អ្នកជំងឺ សូមប្រកាន់ភ្ជាប់ការធ្វើអនាម័យជាប្រចាំ បរិភោគម្ហូបអាហារ ចម្អិនបានឆ្អិនល្អ ហូបទឹកស្អាត ពិសារឱសថ តាមវេជ្ជបញ្ជារបស់គ្រូពេទ្យ សម្រាកគ្រប់គ្រាន់ រួមផ្សំព្យាយាមលំហាត់ប្រាណពង្រឹងកាយសម្បទា ទើបឆាប់ជាសះស្បើយពីជម្ងឺ បានវិលត្រលប់មកជួបជុំបងប្អូនកងកម្លាំង បន្តចូលរួមជាតិមាតុភូមិ និងផ្ដល់សុខុមរម្យនា ជូនប្រជាពលរដ្ឋ ។

លោក បេង ហ៊ុន និងក្រុមគ្រួសារ បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅបំផុតចំពោះលោកស្នងការ លោកស្នងការរង ដែលបានចំណាយពេលវេលា ដ៏មមាញឹកចុះសួរសុខទុក្ខ ឧបត្ថម្ភ សម្ភារៈ ថវិកា ដល់គ្រួសារលោក និងសូមជូនពរ ជួបប្រទះតែពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ
កុំបីឃ្លៀងឃ្លាតឡើយ។

គួរបញ្ជាក់ផងដែរថា លោកឧត្តមសេនីយ៍ទោ ម៉ែន លីស្នងការនគរបាលខេត្តកំពង់ធំ បានឧបត្ថម្ភ គ្រឿងឧបភោគបរិភោគរួមមាន÷ អង្ករ១០០គីឡូក្រាម និងថវិកា២,០០០,០០០រៀល ដើម្បីចូលរួមសម្រាលដោះស្រាយការចំណាយជាប្រចាំថ្ងៃផងដែរ។