ពោតប៉ារ៉ា និងដំណាំរួមផ្សំ របស់ប្រជាពលរដ្ឋ នៅតាមមាត់ទន្លេ ក្នុងខេត្តកំពង់ឆ្នាំងអាចរកប្រាក់ចំណូលចន្លោះពី៤ ទៅ៥លានក្នុងមួយរដូវ

15

 

ខេត្តកំពង់ឆ្នាំង៖ ក្រោយរដូវទឹកសម្រក គេសង្កេតឃើញថាប្រជាពលរដ្ឋដែលរស់នៅ អមសងខាងស្របតាមមាត់ទន្លេ ក្នុងខេត្តកំពង់ឆ្នាំងបាននាំគ្នាដាំដំណាំ បន្លែ បង្កា ផ្សេងៗ ដើម្បីរកប្រាក់ចំណូលដោះស្រាយជីវភាពបន្ថែម ក្រៅពីរបរនេសាទត្រី។ហើយដំណាំដែលពួកគាត់និយមដាំនោះមានដូជា៖ ដំណាំពោត សណ្តែក ម្រះ ត្រសក់ ប៉េងប៉ោះ ម្ទេះ។ល។

គ្រួសារកសិករឈ្មោះ សេង ម៉ៅ និងប្រពន្ធឈ្មោះ សុភា រស់នៅក្នុងភូមិសំរោង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង បានរៀបរាប់ឲ្យដឹងថា៖ ពួកគាត់មានដីចំនួនកន្លះហិកតា និងជួលដីគេថែម២ហិកតាទៀត ដើម្បីប្រកបរបរដាំដំណាំពោតប៉ារ៉ា និងដំណាំរួមផ្សំផ្សេងៗ ស្របតាមមាត់ទន្លេ នៅចំណុចព្រែកទំពាំង ស្ថិតក្នុងភូមិរនាបននង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង។ ចំពោះមុខរបរនេះដែរ អាចរកប្រាក់ចំណូលបានជាមធ្យមចន្លោះពី៤ទៅ៥លានដែរក្នុងមួយរដូវ អាស្រ័យលើហាងឆេងទីផ្សារ។

ពួកគាត់បន្តទៀតថា៖ ដំណាំទាំងនេះផ្តោតសំខាន់លើប្រភពទឹក និងប្រើរយៈពេលថែទាំចន្លោះពី ២ទៅ២ខែកន្លះ អាចប្រមូលផលជាបណ្តើៗ។ ដោយឡែកចំពោះតម្លៃវិញលក់បាន២៥០០០រៀល ទៅ២៨០០០រៀលក្នុង១ផ្លូន មានចំនួន(៥២ផ្លែ) ប៉ុន្តែភាគច្រើនគឺប្រជាកសិករដាំដំណាំពោតទាំងនោះ ស្ងោរលក់មុខផ្ទះ ឬយកទៅលក់ខ្លួនឯងនៅទីផ្សារ ព្រោះបានតម្លៃខ្ពស់ជាងឈ្មួញកណ្តាលមកទិញលក់បន្ត។

ទន្ទឹមនោះ ប្រជាកសិករដាំដំណាំតាមមាត់ទន្លេ ក្នុងខេត្តកំពង់ឆ្នាំងមានការត្អូញត្អែរដែរថា៖ ជារៀងរាល់ឆ្នាំតម្លៃនៃផលដំណាំរបស់ពួកគាត់លក់ឲ្យទីផ្សារឈ្មួញកណ្តាល មិនសូវបានតម្លៃខ្ពស់នោះទេ! ប៉ុន្តែចំពោះតម្លៃថ្នាំសម្រាប់បាញ់សត្វដង្កូវវិញគឺបន្តឡើងថ្លៃមិនថមថយឡើយ៕