ព្រះទេពសត្ថា សៀង សុខ និមន្តនាំយកនូវគ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់ផ្សេងៗ និងបច្ច័យមួយចំនួន ទៅជូនដល់ក្រុមគ្រួសារដែលរងគ្រោះដោយភ្លើងឆេះផ្ទះអស់ទាំងស្រុង

55

 

(កំពង់ធំ)÷ ព្រឹកថ្ងៃចន្ទ០៣កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧/ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ ព្រះទេពសត្ថា សៀង សុខ ព្រះរាជាគណៈថ្នាក់ចត្វា និងជាព្រះសត្ថាបារមី ព្រះមេគណខេត្តកំពង់ធំ ជាព្រះចៅអធិការវត្តឥន្រ្ទីយ៍សំវរៈ(កំពង់ធំ) និមន្តនាំយកនូវគ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់ផ្សេងៗ និងបច្ច័យមួយចំនួន មកជូនដល់ក្រុមគ្រួសារដែលរងគ្រោះដោយអគ្គីភ័យ(ឆេះផ្ទះ) អស់ទាំងស្រុង។

ក្នុងនោះព្រះទេពសត្ថា សៀង សុខ សូមចូលរួមសោកស្តាយយ៉ាងក្រៃលែង ជាមួយនឹងក្រុមគ្រួសារម្ចាស់ផ្ទះ ដែលអគ្គីភ័យដែលបានឆេះផ្ទះមួយខ្នងនេះអស់ទាំងស្រុង ធ្វើឱ្យបាត់បង់នៅទ្រព្យសម្បត្តិជាច្រើន ដែលមិនបានជួយសង្គ្រោះទាន់ពេលវេលា សូមលើកទឹកចិត្តដល់ម្ចាស់ផ្ទះ មានស្មារតីរឹងមាំឡើងវិញ កត្តាធម្មជាតិតែងតែកើតមានឡើង ដោយខ្វះការប្រុងប្រយ័ត្ន ទើបបណ្ដាលឱ្យមានហេតុការណ៍នេះកើតឡើង។ សូមឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ មានការប្រុងប្រយ័ត្នខ្ពស់ សម្រាប់បុណ្យចូលឆ្នាំចិន-វៀតណាមខាងមុខនេះ មានការប្រុងប្រយ័ត្នចំពោះភ្លើងធូប ទៀន ឬភ្លើងចង្ក្រាន អាចកើតឡើងជាយថាហេតុ។

អំណោយជាគ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់ និងបច្ច័យមួយចំនួនបានប្រគល់ដល់ម្ចាស់ផ្ទះរួមមាន÷ អង្ករ មី ត្រីខទឹកត្រី ទឹកស៊ីអ៊ីវ ទឹកសុទ្ធ ឃីត និងសម្ភារៈប្រើប្រាស់ផ្ទះបាយ និងបច្ច័យមួយចំនួនទៀត។

គួររំលឹកថា កាលពីថ្ងៃទី១១ ខែកុម្ភៈ ២០២៤ ម៉ោង០១:៤៥នាទីរសៀល រយៈពេល២០នាទី  ថ្ងៃចូល​ឆ្នាំ​ចិន-វៀតណាម ដោយខ្វះការប្រុងប្រយ័ត្នបណ្ដាលឱ្យឆ្លងចរន្តអគ្គិសនីឆេះផ្ទះអស់ទាំងស្រុង ផ្ទះមានទំហំ០៨ម៉ែត្រ×១០ម៉ែត្រ ជញ្ជាំងក្តារ ដំបូលប្រក់ក្បឿង និងសម្ភារៈប្រើប្រាស់នៅក្នុងផ្ទះឆេះគ្មានសល់ ស្ថិតក្នុងភូមិជីមាឃ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ   ។