ថវិកាបេឡាមរណសង្គ្រោះ និងអំណោយស្បៀងអាហាររបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវត្រូវបានប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ ប្រគល់ជូនគ្រួសារសពអតីតយុទ្ធជពិការនៅស្រុកកំពង់ស្វាយ ខេត្ដកំពង់ធំ

10

 

កំពង់ធំ::)នៅរសៀលថ្ងៃទី១៦ ខែកុម្ភះ ឆ្នាំ២០២៤ ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ រួមជាមួយថ្នាក់ដឹកនាំ នៃគណៈកម្មាធិការសមាគមអតីតយុទ្ធជន ស្រុកកំពង់ស្វាយ បាននាំយកថវិកាបេឡាមរណសង្គ្រោះចំនួន៤លានរៀល និងអំណោយស្បៀងអាហាររបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ទៅប្រគល់ជូនក្រុមគ្រួសារសពអតីតយុទ្ធជនពិការ លោកតាអនុសេនីយ៍ឯក ខោល ឆឹម អាយុ៧០ ឆ្នាំ អតីតនៅអង្គភាពកងពលលេខ  ១២ចាស់ ដែលបានទទួលមរណភាពនៅពេលកន្លងទៅថ្មីៗនេះ  នៅភូមិវល្លិ៍យាវ ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការសោកស្ដាយចំពោះការបាត់បង់ជីវិត របស់លោកអនុសេនីយ៍ឯក ខោល ឆឹម ជាអតីតយុទ្ធជន ដែលធ្លាប់មានគុណបំណាច់ចំពោះជាតិ មាតុភូមិ និងប្រជាជន ហើយសូមបួងសួងដល់វិញ្ញាណក្ខន្ឋលោកតាអនុ សេនីយ៍ឯក ខោល ឆឹម បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ  ហើយនៅក្នុងឱកាសនេះឧត្តមសេនីយ៍ទោសោម ស៊ុន បានបញ្ជាក់ថា ក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន​ ប្រធាន​សមាគម​អតីត​យុទ្ឋជន​កម្ពុជា​ និង​ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន  ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ       កម្ពុជា  និងឯកឧត្តម ទេសរដ្ឋមន្ត្រី នាយឧត្តមសេនីយ៍គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា លោកបានបន្តការខិតខំប្រឹងប្រែងគ្រប់បែបយ៉ាង ដើម្បីដោះស្រាយនូវរាល់ការលំបាករបស់បងប្អូនអតីតយុទ្ធជនយើង មានដូចជា ការបែងចែកដីធ្លី ការសាងសង់ផ្ទះសម្បែងជូនបងប្អូនអតីតយុទ្ធជន ដែលមានជីវភាពលំបាកខ្វះខាតពិតប្រាកដ និងការផ្ដល់នូវប័ណ្ណបេឡាជាតិសន្តិសុខសង្គម ជូនបងប្អូនអតីតយុទ្ធជន សម្រាប់ទៅព្យាបាលជំងឺនៅមន្ទីរពេទ្យរដ្ឋ ដោយឥតគិតថ្លៃ ហើយនៅពេលដែលអតីតយុទ្ឋជនយើងទទួលមរណភាព ក្រុមគ្រួសារសពទទួលបានថវិកាបេឡាមរណសង្គ្រោះចំនួន៤.០០០.០០០រៀល ដើម្បីសម្រួលដល់ការធ្វើបុណ្យសពរបស់បងប្អូនអតីតយុទ្ឋជនយេីងឲ្យបានសមរម្យនិងឱ្យទាន់ពេលវេលា ។

នៅក្នុងឱកាសនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ឋជនកម្ពុជា ខេត្តកំពង់ធំ បាននាំយកនូវអំណោយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត  និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ចូលរួមក្នុងពិធីបុណ្យសពនេះបន្ថែមទៀតរួមមាន៖ អង្ករចំនួន៥០គីឡូក្រាម  មីជាតិចំនួន២កេស ត្រីខកំប៉ុង ចំនួន០២យួរ ទឹកត្រី ទឹកស៊ីអ៊ីវ ចំនួន02យួរ ដែលត្រូវបានប្រគល់ជូនគ្រួសារសពអតីតយុទ្ធជននៅថ្ងៃនេះផងដែរ ។