លោកស្រីឃួន ឃុនឌី ធ្វើយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភានីតិកាលទី៥ នៅស្រុកបារាយណ៍

19

(កំពង់ធំ)៖លោកស្រី ឃួន ឃុនឌី បេក្ខជនពេញសិទ្ធជ្រើសរើសសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ នេះបានបន្តយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ នៅទីស្នាក់ការគណបក្សស្រុក។
លោកស្រី ឃួន ឃុនឌី បានថ្លែងទៅកាន់អង្គបោះឆ្នោតទាំងអស់គឺត្រូវតែមានភាពរឹងមាំម្ចាស់ការលើខ្លួនឯង ព្រមទាំងជឿជាក់លើថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាដោយមិនត្រូវចាញ់បោកការឃោសនាឬការគំរាមកំហែងនៃជនអគតិមួយចំនួនដែលនាំឲ្យមានផលប៉ះពាល់ដល់សតិអារម្មណ៍បងប្អូនបានឡើយ។
លោកស្រីបានបន្តថា គុណបំណាច់ដ៏ធំធេងរបស់សម្ដេចតេជោ ហ៊ុន សែន អគ្គមគ្គុទេសន៍ឯក បិតាសន្តិភាពដែលបានខិតខំកសាងប្រទេសជាតិពីបាតដៃទទេឱ្យមានការរីកចម្រើនដូចឃើញសព្វថ្ងៃ ប្រជាពលរដ្ឋមានជីវភាពកាន់តែប្រសើរឡើង ពិសេសដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បាននឹងកំពុងកាន់តែខិតខំប្រឹងប្រែងដឹកនាំកសាងប្រទេសជាតិឱ្យកាន់តែមានការអភិវឌ្ឍឥតឈប់ឈរធ្វើឱ្យមានកំណើនសេដ្ឋកិច្ចជាតិរីកចម្រើនឥតឈប់ឈរក្នុងការលើកកម្ពស់ដល់កម្រិតជីវភាពរស់នៅកាន់តែប្រសើរឡើង។
លោកស្រីបានលើកឡើងពីសេចក្តីថ្លែងការណ៍លេខ ០០២ គ.ជ.ប របស់ក្រុមប្រតិកម្មព័ត៌មានរបស់គណៈកម្មាធិការ ជាតិរៀបចំការបោះឆ្នោត ចុះថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ និងសេចក្តីប្រកាសព័ត៌មានលេខ ០០៤ សប្រក របស់ក្រសួងមហាផ្ទៃ ចុះថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ ដល់អង្គបោះឆ្នោត ដោយបានបង្ហាញពីគោលជំហរនិងគាំទ្រនៅសេចក្តីសម្រេចនេះយ៉ាងពេញទំហឹងព្រមទាំងប្រឆាំងដាច់ខាតនៅរាល់សកម្មភាពទាំងឡាយណាជាការគំរាមកំហែង បំភិតបំភ័យដែលធ្វើឲ្យប៉ះពាល់ដល់សិទ្ធិអ្នក បោះឆ្នោតនឹងបង្កឲ្យមានចលាចលកើតឡើង និងផ្ទុយពីលក្ខន្តិកៈនិងលិខិតបទដ្ឋានគតិយុត្តិរបស់គជបនិងក្រសួងមហាផ្ទៃបានកំណត់។

នៅចុងបញ្ចប់ លោកស្រី ឃួន ឃុនឌី បានសំណូមពរឱ្យអង្គបោះឆ្នោតទាំងអស់ត្រូវត្រៀមខ្លួនឲ្យបានរួចរាល់ ត្រៀមឯកសារអត្តសញ្ញាណប័ណ្ណ ការថែទាំសុខភាព សុវត្ថិភាពឱ្យបានល្អ ព្រមទាំងជំរុញឲ្យប្រធានបក្សស្រុកត្រូវតែគ្រប់គ្រង ត្រួតពិនិត្យលើមន្ត្រីជាអង្គបោះឆ្នោតឱ្យបានគ្រប់ជ្រុងជ្រោយ៕