ជប៉ុនយកយន្ដហោះ Boeing ៧៦៧ ដឹកប្រជាជនរបស់ខ្លួនចេញពីទីក្រុងវូហាន

17

យន្ដហោះដំបូងគេដែលនឹងដឹកជនជាតិជប៉ុនត្រឡប់មកពីទីក្រុងវូហាននៃខេត្តហ៊ើប៉ីប្រទេសចិនបានចាកចេញពីអាកាសយានដ្ឋាន Haneda របស់ទីក្រុងតូក្យូ។

អាកាសយានដ្ឋាននៅទីក្រុងវូហានដែលជាចំណុចកណ្តាលនៃការផ្ទុះឡើងនៃកូរ៉ូណាវីរុសថ្មីក្នុងប្រទេសចិនត្រូវបានបិទហើយប្រព័ន្ធដឹកជញ្ជូនសាធារណៈត្រូវបានបញ្ឈប់។ ពលរដ្ឋជប៉ុននៅក្នុងទីក្រុងមានការលំបាកក្នុងការវិលត្រឡប់ទៅផ្ទះដោយខ្លួនឯង។

ក្រសួងការបរទេសជប៉ុនបានបញ្ជាក់ថាប្រជាជនជប៉ុនប្រមាណ ៦៥០ នាក់នៅក្នុងទីក្រុងសង្ឃឹមថានឹងវិលត្រឡប់ទៅប្រទេសកំណើតវិញ។

រដ្ឋាភិបាលនិយាយថាខ្លួននឹងរៀបចំក្រុមហ៊ុនអាកាសចរណ៍ All Nippon Airway ដែលត្រូវបានជួលសម្រាប់ដឹកប្រជាជនទាំងអស់ដែលចង់ត្រឡប់មកប្រទេសកំណើតវិញ។

យន្តហោះដំបូងគឺប្រភេទ Boeing ៧៦៧ បានចាកចេញពីអាកាសយានដ្ឋាន Haneda ទៅកាន់ទីក្រុងវូហានប្រហែលម៉ោង ៨ និង ៣០ នាទីយប់​ថ្ងៃ​អង្គា​រនេះ។

ក្រុមមន្រ្តីបាននិយាយថាមនុស្សប្រហែល ១០ នាក់រួមទាំងសមាជិកក្រុមគ្រូពេទ្យនិងមន្រ្តីរដ្ឋាភិបាលស្ថិតនៅលើយន្តហោះ។

យន្ដហោះនេះក៏កំពុងដឹករបស់របរជំនួយជាច្រើនរួមមានម៉ាសបិទមុខនិងឧបករណ៍ការពារផ្សេងទៀត។ជើងហោះហើរដំបូងពីទីក្រុងវូហានត្រូវបានគេរំពឹងថានឹងចាកចេញមុនពេលថ្ងៃរះនៅថ្ងៃពុធជាមួយមនុស្សប្រហែល ២០០ នាក់និងមកដល់អាកាសយាន្តដ្ឋាន Haneda នៅព្រឹកថ្ងៃដដែល៕