ការបំពុលបរិយាកាសកាន់តែអាក្រក់នៅភាគខាងជើងនៃប្រទេសថៃ

35

ប្រជាជននៅតាមបណ្តាខេត្តមួយចំនួននៅភាគខាងជើងនៃប្រទេសថៃកំពុងទ្រាំតស៊ូស្របពេល របាយការណ៍នៃការបំពុលខ្យល់អាកាសកើនឡើងគួឲ្យកត់សម្គាល់។ កម្រិតនៃ ភាគល្អិតខ្យល់អាកាស PM 2.5 បានឈានដល់ 20 ដងនៃកម្រិតសុវត្ថិភាពដែលកំណត់ដោយអង្គការសុខភាពពិភពលោក។

នាយករដ្ឋមន្ត្រីថៃ លោក Prayut Chan-o-cha បានធ្វើដំណើរទៅកាន់ខេត្តឈៀងម៉ៃកាលពីថ្ងៃអង្គារ។ នៅក្នុងការបង្ហាញការគាំទ្រ លោកបានផ្តល់ឧបករណ៍ផ្គត់ផ្គង់ដល់បុគ្គលិកយោធាក្នុងតំបន់និងអ្នកពន្លត់អគ្គីភ័យ។

ព្រះមហាក្សត្រ Maha Vajiralongkorn បានសម្តែងនូវកង្វល់អំពីអ័ព្ទនេះ។ ទ្រង់បានមានបន្ទូល ថាបញ្ហាបានកើនឡើងហើយអាជ្ញាធរខេត្តត្រូវការជំនួយ។

ការបំពុលបរិយាកាសបានចាប់ផ្តើមអាក្រក់នៅខែមីនា។ អាជ្ញាធរបានបន្ទោសភ្លើងឆេះព្រៃនិងការដុតព្រៃដោយកសិករនៅប្រទេសថៃនិងនៅជិតប្រទេសឡាវនិងមីយ៉ាន់ម៉ា។

កំរិតខ្ពស់នៃ PM 2.5 អាចបណ្តាលអោយមានជំងឺផ្លូវដង្ហើម។

អាជ្ញាធរកំពុងព្យាយាមប្រើប្រាស់វិធានការផ្សេងៗដើម្បីកាត់បន្ថយកម្រិតនៃការបំពុលបរិយាកាសដែលរួមមានការបាញ់ទឹកទៅលើអាកាស។

អ្នកស្រុកក៏ត្រូវបានណែនាំឱ្យពាក់ម៉ាស់និងជៀសវាងសកម្មភាពក្រៅផ្ទះ។

វិធានការស្រដៀងគ្នានេះត្រូវបានអនុវត្តនៅអំឡុងពេលនៃផ្សែងអ័ព្ទខ្លាំងនៅទីក្រុងបាងកកកាលពីខែមករា។

ប្រទេសថៃភាគខាងជើងគឺជាទិសដៅដ៏ពេញនិយមសម្រាប់ភ្ញៀវទេសចរក្នុងអំឡុងពេលថ្ងៃឈប់សម្រាកឆ្នាំថ្មីរបស់ប្រទេសនេះនៅពាក់កណ្តាលខែមេសា។ ក្រុមមន្រ្តីរំពឹងថាអ្នកទេសចរបរទេសនឹងនៅតែមកទស្សនាតំបន់នេះ ប៉ុន្តែមានការព្រួយបារម្ភថាអ្នកធ្វើដំណើរក្នុងស្រុកអាចនឹងមិនមកតំបន់នេះ៕