អាមេរិកចោទកូរ៉េខាងជើងថាជាអ្នកនៅពីក្រោយការវាយប្រហារលើប្រព័ន្ធអ៊ិនធើណេត

64

រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន បានធ្វើការចោទប្រកាន់ដោយផ្ទាល់ទៅកាន់កូរ៉េខាងជើង ថានៅ ពីក្រោយការវាយប្រហារលើប្រព័ន្ធអ៊ិនធើណេត ដែលធ្វើឲ្យមានមេរោគឆ្លងចូលប្រព័ន្ធ​កុំព្យូ​ទ័រ​រាប់ពាន់គ្រឿងជុំវិញពិភពលោក។

លោក Tom Bossert ទីប្រឹក្សាសន្ដិសុខ និងជា​ទីប្រឹក្សាប្រឆាំងភេរវកម្មរបស់សហរដ្ឋអាមេរិក បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា ការវាយប្រហារលើបណ្តាញអ៊ិនធើណេត​របស់កូរ៉េ​ខាងជើងនេះ បានបង្កឲ្យមានមេរោគរីករាលដាលយ៉ាងខ្លាំងលើប្រព័ន្ធកុំព្យូទ័រ និងបានធ្វើឲ្យ​ខាត​បង់ទឹកប្រាក់រាប់ពាន់លានដុល្លារសហរដ្ឋអាមេរិក ដែលបញ្ហានេះ កូរ៉េខាងជើងគឺជាអ្នក​ទទួល​ខុសត្រូវទាំងស្រុង។

គួររំលឹកថា ការវាយប្រហារលើបណ្តាញអ៊ិនធើណេតពីសំណាក់កូរ៉េខាងជើងនេះ បានចាប់​ផ្តើម​​​កាលពីថ្ងៃសុក្រ ទី ១២ ខែឧសភា ឆ្នាំ ២០១៧ ដែលបានធ្វើឲ្យប្រព័ន្ធ​កុំព្យូទ័​រ​មានឆ្លង​មេរោគ​​​ចំនួន​ជាង ២៣ម៉ឺនគ្រឿង ក្នុងប្រទេសជាង១៥០ លើពិភពលោក ក្នុងរយៈពេលតែមួយ​ថ្ងៃប៉ុណ្ណោះ។ បញ្ហានេះបានធ្វើ​ឲ្យក្រុមហ៊ុន និងសេវាកម្មសាធារណៈជាច្រើននៅជុំវិញពិភព​លោក​ត្រូវ​​បានរងផល​ប៉ះពាល់​នេះ៕