ក្រុមហ៊ុន Nissan ចូលរួមជាមួយកម្មវិធីប្រណាំងរថយន្ត Formula-E

21

ចំពេលដែលមានភាពចលាចលបន្ទាប់ពីការចាប់ខ្លួនអតីតប្រធានក្រុមហ៊ុន លោក Carlos Ghosn ក្រុមហ៊ុន Nissan Motor កំពុងឈានជើងចូលរួមការប្រកួតប្រជែងថ្មីមួយនៅលើទីលានប្រណាំង។ ក្រុមហ៊ុននេះនឹងក្លាយជាក្រុមហ៊ុនផលិតរថយន្តដំបូងគេរបស់ជប៉ុនដែលបានចូលរួមក្នុងកម្មវិធីប្រណាំងរថយន្ត  Formula E ដែលជាកម្មវិធីប្រណាំងរថយន្តអន្តរជាតិសម្រាប់រថយន្តអគ្គិសនី។

ក្រុមហ៊ុន Nissan បានបង្ហាញពីផែនការសម្រាប់ក្រុមការងារនៅទីក្រុងតូក្យូកាលពីថ្ងៃសុក្រ។ ក្រុមហ៊ុននេះបានសង្កត់ធ្ងន់ពីសារៈសំខាន់នៃការអភិវឌ្ឍន៍រួមគ្នារថយន្តប្រណាំងរបស់ខ្លួនជាមួយដៃគូសម្ព័ន្ធមិត្ត Renault។

ក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសបារាំងបានចូលរួមនៅក្នុងកម្មវិធី Formula  E អស់រយៈពេល 4 ឆ្នាំ។

អនុប្រធានក្រុមហ៊ុន Nissan លោក Roel de Vries បាននិយាយអំពីកិច្ចសហការរវាងក្រុមហ៊ុន។

គាត់បាននិយាយថា “ដោយការរួមគ្នាសមត្ថភាពអភិវឌ្ឍរបស់ក្រុមហ៊ុន Nissan ក្នុងការផលិតរថយន្តអគ្គិសនីនិងបទពិសោធន៍នៃការប្រណាំងរបស់ Renault យើងអាចនាំមកនូវអ្វីដែលគួរឱ្យរំភើបខ្លាំង”។

រដូវកាលប្រណាំង Formula-E ចាប់ផ្តើមនៅប្រទេសអារ៉ាប៊ីសាអ៊ូឌីតក្នុងខែធ្នូនិងបន្តជាមួយនឹងការប្រណាំងនៅជុំវិញពិភពលោករហូតដល់ខែកក្កដាឆ្នាំក្រោយ៕