លោក Anwar Ibrahim ត្រូវបានដោះលែងពីពន្ធនាគារបន្ទាប់ពីទទួលបានការព្រះរាជទានលើកលែងទោសពីព្រះមហាក្សត្រ

47

ប្រធានគណបក្ស Parti Keadilan Rakyat (PKR) ដែលជាប់ពន្ធនាគារ  លោក Anwar Ibrahim កាលពីថ្ងៃពុធទី 16 ខែឧសភាបានចាកចេញពីមន្ទីរពេទ្យ Cheras Rehabilitation ហើយមានសេរីភាពវិញ បន្ទាប់ពីទទួលបានការព្រះរាជទានលើកលែងទោសពីព្រះមហាក្សត្រម៉ាឡេស៊ី។

មានទឹកមុខញញឹមស្រស់ស្រាយនិងមើលទៅសកម្មក្នុងឈុតពណ៌ខ្មៅ លោក Anwar បានចេញពីមន្ទីរពេទ្យ Kuala Lumpur ជាកន្លែងដែលគាត់បានធ្វើការវះកាត់បញ្ហាស្មា លើកមេដៃឡើងលើដល់អ្នកសារព័ត៌មានយ៉ាងច្រើនកុះក មុននឹងចូលក្នុងឡានដោយគ្មានការអធិប្បាយ។

លោក Anwar និងប្រពន្ធរបស់គាត់ ដែលត្រូវបានតែងតាំងជាឧបនាយករដ្ឋមន្ត្រី Wan Azizah Wan Ismail កាលពីព្រឹកថ្ងៃពុធបានអញ្ជើញចូលរួមកិច្ចប្រជុំជាមួយព្រះមហាក្សត្រ Sultan Muhammad V នៅម៉ោង 12:30 នាទីថ្ងៃត្រង់នៅព្រះបរមរាជវាំង។

លោក Sivarasa Rasiah បាននិយាយថាក្រុមប្រឹក្សាភិបាលលើកលែងទោសបានជួបហើយហើយព្រះមហាក្សត្របានព្រះរាជទានការលើកលែងទោសពេញលេញមួយដែលមានន័យថាការកាត់ទោសពីអតីតកាលទាំងអស់ត្រូវបានលុបចោល។

ព្រះបរមរាជវាំងបានចេញសេចក្តីថ្លែងការណ៍មួយជាភាសាម៉ាឡេស៊ី មិនយូរប៉ុន្មានមុនពេលថ្ងៃត្រង់ ថាលោក Anwar ត្រូវបានផ្តល់ការព្រះរាជទានលើកលែងទោសពេញលេញនិងដោះលែងភ្លាមៗ។

បុរសវ័យ 70 ឆ្នាំរូបនេះត្រូវបានកាត់ទោសរយៈពេល 5 ឆ្នាំ នៅខែកុម្ភៈ ឆ្នាំ 2015 បន្ទាប់ពីតុលាការជាន់ខ្ពស់ម៉ាឡេស៊ីបានលើកឡើងពីការកាត់ទោស និងការផ្តន្ទាទោសចំពោះការចោទប្រកាន់ថាបានធ្វើសញ្ចកម្មលើអតីតជំនួយការផ្ទាល់ខ្លួន។

លោក Anwar ត្រូវបានគេដាក់ពន្ធនាគារនៅក្នុងពន្ធនាគារ Sungai Buloh ហើយត្រូវបានគេគ្រោងនឹងដោះលែងនៅថ្ងៃទី 8 ខែមិថុនា។ គាត់បានចំណាយពេលប៉ុន្មានខែចុងក្រោយនៅក្នុងមន្ទីរពេទ្យដើម្បីព្យាបាលជម្ងឺអោយជាសះស្បើយពីការវះកាត់ស្មា។

ការលើកលែងទោសរបស់ព្រះមហាក្សត្រនេះបានធ្វើឱ្យប៉ះពាល់ដល់ការកាត់ទោសរបស់លោក Anwar ហើយធ្វើឱ្យគាត់មានសិទ្ធិចូលរួមយ៉ាងសកម្មក្នុងនយោបាយ។

លោកនាយករដ្ឋមន្រ្តីម៉ាឡេស៊ី Mahathir Mohamad ដែលជាប់ឆ្នោតជាថ្មីបាននិយាយថាលោកនឹងប្រគល់តំណែងទៅឱ្យលោក Anwar នៅពេលដែលគាត់ត្រូវបានជ្រើសរើសជាសមាជិករដ្ឋសភានៅក្នុងការបោះឆ្នោតបំពេញអាសនៈ ឬជាប់ឆ្នោតជាសមាជិកព្រឹទ្ធសភា៕