ឆេះរោងដាក់ចំបើង១ខ្នងទាំងស្រុង នៅស្រុកទឹកផុស សំណាងក្មេងតូចៗដែលបង្ក រួចផុតពីជីវិត

27

 

ខេត្តកំពង់ឆ្នាំង៖ អគ្គិភ័យមួយបានកើតឡើងបង្កឲ្យមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ និងអាជ្ញាធរមានសមត្ថកិច្ចជួយអន្តរាគមន៍ខ្វែងដៃខ្វែងជើង។

ករណីនេះកើតឡើងនៅម៉ោងប្រមាណ៨និង៤៥នាទីព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ នៅចំណុចភូមិថ្នល់កែង ឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

សាក្សីនោះទីនោះឲ្យដឹងថា មុនពេលកើតហេតុឃើញមានក្មេងតូចៗ២នាក់ នាំគ្នាលេងនៅក្បែររោងចំបើងនោះ ភ្លេចខ្លួន១ផ្លេតស្រាប់តែឃើញមានអណ្តាតភ្លើងឆេះឡើង ស្របពេលក្មេងៗទាំងនោះរត់ចេញពីកន្លែងកើតហេតុ បង្កឲ្យមានការភ្ញាក់ផ្អើល ដល់អ្នកក្បែរខាង នាំគ្នាជួយពន្លត់ និងរាយការណ៍ជូនសមត្ថកិច្ច មកជួយចូលរួមពន្លត់ផងដែរ។

ប្រភពសមត្ថកិច្ចបញ្ជាក់ឲ្យដឹងនាព្រឹកថ្ងៃទី២៧ ខែមីនា នេះថា៖ ក្រោយកម្លាំងប៉ុស្តិ៍បានទទួលបណ្តឹងរាយការណ៍ពីប្រជាការពារ ភូមិថ្នល់កែង ថាមានករណីគ្រោះថ្នាក់អគ្គីភ័យឆេះកើតឡើង នៅចណុចខាងលើ កម្លាំងសមត្ថកិច្ចយើងរួមជាមួយប្រជាពលរដ្ឋ បានចុះជួយអន្តរាគមន៍ភ្លាមៗផងដែរ ប៉ុន្តែដោយអំណាចនៃភ្លើងចំបើងឆេះលឿនពេករោងនោះបានឆាបឆេះស្ទើទាំងស្រុងទៅហើយ ប៉ុន្តែដោយសារមានការសហការគ្នាល្អពីសំណាក់ប្រជាពលរដ្ឋ និងអាជ្ញាធរ ទីតាំងនោះពុំបណ្តាលមានការរាលដាលឆេះផ្ទះអ្នកភូមិបន្តទៀតឡើយ។

ប្រភពដដែលបញ្ជាក់បន្ថែមថា ជនរងគ្រោះជាម្ចាស់ផ្ទះឈ្មោះ អ៊ឹង សុខឡាងភេទស្រី អាយុ២៥ឆ្នាំ រស់នៅភូមិឃុំ កើតហេតុ។ មូលហេតុដែលបង្កជាអគ្គិភ័យនេះបណ្តាលមកពីធ្វេសប្រហែស បណ្តោយឲ្យកូនឈ្មោះ លីម លីហ័ង ភេទប្រុស អាយុ ៣ឆ្នាំ និងក្មួយឈ្មោះ យឿន រ៉ាយុ ភេទប្រុស អាយុ៣ឆ្នាំ នាំគ្នាលេងភ្លើងក្បែរកន្លែងងាយរងការឆេះ(ចំបើង)។

គួរបញ្ជាក់ផងដែរ គ្រោះអគ្គិភ័យនេះបណ្តាលអោយខូចខាត រោងដាក់មួយចំបើង១ខ្នង ទំហំ ៤x៦  ខូចខាតចំបើងមូលចំនួន២៥០ដុំ ,ក្តារប្រវែង៣ម៉ែត្រ ចំនួន១២០សន្លឹក ក្នុងកិច្ចអន្តរាគមន៍បានប្រើប្រាស់ឡានទឹកចំនួន ២គ្រឿង ឡានទឹករបស់ក្រុមហ៊ុនចំការអំពៅ១គ្រឿង និងឡានទឹករបស់អធិការដ្ឋាននគរបាលស្រុកទឹកផុសចំនួន១គ្រឿង៕