នាយិកាប្រតិបត្តិហិរញ្ញវត្ថុរបស់ Huawei  និងជនជាតិកាណាដាត្រូវបានដោះលែង

4

នាយិកាប្រតិបត្តិជាន់ខ្ពស់នៃក្រុមហ៊ុនបច្ចេកវិទ្យា Huawei បានត្រលប់ទៅកាន់ប្រទេសចិនវិញបន្ទាប់ពីជាប់ឃុំបីឆ្នាំនៅប្រទេសកាណាដា។

នាយិកាប្រតិបត្តិហិរញ្ញវត្ថុរបស់ក្រុមហ៊ុនទូរគមនាគមន៍យក្សចិន លោកស្រី Meng Wanzhou បានមកដល់អាកាសយានដ្ឋានមួយនៅទីក្រុង Shenzhen កាលពីយប់ថ្ងៃសៅរ៍។ លោកស្រីបានចាកចេញពីប្រទេសកាណាដាបន្ទាប់ពីបានធ្វើកិច្ចព្រមព្រៀងជាមួយអាជ្ញាធរសហរដ្ឋអាមេរិក។

លោកស្រី Meng ត្រូវបានឃុំខ្លួនក្នុងឆ្នាំ ២០១៨ តាមសំណើរបស់ក្រុងវ៉ាស៊ីនតោនចំពោះការរំលោភទណ្ឌកម្មប្រឆាំងនឹងប្រទេសអ៊ីរ៉ង់។ ក្រោយមកលោកស្រីត្រូវបានចោទប្រកាន់ពីបទឆបោកនិងការចោទប្រកាន់ផ្សេងទៀត។

លោកស្រី Meng បានចេញពីយន្តហោះក្នុងសម្លៀកបំពាក់ពណ៌ក្រហម។ បន្ទាប់ពីទទួលបានផ្កា លោកស្រីបាននិយាយថា “ទីបំផុតខ្ញុំត្រលប់មកផ្ទះវិញហើយ”។

ប្រព័ន្ធផ្សព្វផ្សាយចិនកំពុងរាយការណ៍យ៉ាងទូលំទូលាយអំពីការវិលត្រឡប់របស់លោកស្រី Meng ជាមួយនឹងការផ្សាយផ្ទាល់។ របាយការណ៍របស់ពួកគេនិយាយថាលោកស្រីត្រូវបានដោះលែងពីការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ។

ហើយជនជាតិកាណាដាពីរនាក់ដែលត្រូវបានចាប់ខ្លួននៅក្នុងប្រទេសចិនភ្លាមៗបន្ទាប់ពីការឃុំខ្លួនរបស់លោកស្រី Meng បានមកដល់ទីក្រុង Calgary ភាគខាងលិចប្រទេសកាណាដាកាលពីថ្ងៃសៅរ៍។ លោក​ Michael Spavor និង Michael Kovrig ត្រូវបានស្វាគមន៍ដោយនាយករដ្ឋមន្រ្តីកាណាដាលោក Justin Trudeau នៅអាកាសយានដ្ឋានមួយ៕