WHO ចុះបញ្ជីវ៉ាក់សាំង Moderna សម្រាប់ការប្រើប្រាស់សង្គ្រោះបន្ទាន់

5

អង្គការសុខភាពពិភពលោកកាលពីថ្ងៃសុក្រទី ៣០ ខែមេសា បាននិយាយថាខ្លួនបានចុះបញ្ជីវ៉ាក់សាំង Moderna ការពារកូវីដ-១៩ សម្រាប់ការប្រើប្រាស់សង្គ្រោះបន្ទាន់។

នីតិវិធីចុះបញ្ជីជួយឱ្យប្រទេសនានាដែលមិនអាចវាយតម្លៃពីប្រសិទ្ធភាពនៃវ៉ាក់សាំងដោយខ្លួនគេផ្ទាល់អាចទទួលបានយ៉ាងឆាប់រហ័សតាមដែលអាចធ្វើទៅបាននិងអនុញ្ញាតឱ្យគម្រោងចែកចាយវ៉ាក់សាំង Covax និងដៃគូដទៃទៀតចែកចាយវាទៅប្រទេសក្រីក្រ។ វ៉ាក់សាំងរបស់សហរដ្ឋអាមេរិកគឺជាវ៉ាក់សាំងទី ៥ ដែលទទួលបានការចុះបញ្ជីសង្រ្គោះបន្ទាន់របស់អង្គការសុខភាពពិភពលោក។

រដ្ឋបាលចំណីអាហារនិងឪសថសហរដ្ឋអាមេរិកបានចេញការអនុញ្ញាតឱ្យប្រើប្រាស់សង្គ្រោះបន្ទាន់សម្រាប់វ៉ាក់សាំង Moderna កាលពីថ្ងៃទី ១៨ ខែធ្នូ ឆ្នាំមុននិងការអនុញ្ញាតឲ្យធ្វើទីផ្សារដែលមានសុពលភាពនៅទូទាំងសហភាពអឺរ៉ុប ត្រូវបានគាំទ្រដោយទីភ្នាក់ងារឱសថអឺរ៉ុបកាលពីថ្ងៃទី ៦ ខែមករា ឆ្នាំនេះ។

អង្គការសុខភាពពិភពលោកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាក្រុមអ្នកជំនាញខាងប្រឹក្សាយុទ្ធសាស្ត្រស្តីពីការចាក់ថ្នាំបង្ការ (SAGE) របស់ខ្លួនបានរកឃើញថាវ៉ាក់សាំង Moderna មានប្រសិទ្ធិភាព ៩៤,១%។

វ៉ាក់សាំងផ្សេងទៀតដែលត្រូវបានចុះបញ្ជីសម្រាប់ការប្រើប្រាស់សង្គ្រោះបន្ទាន់ដោយអង្គការសុខភាពពិភពលោកគឺ Pfizer BioNTech AstraZeneca វិទ្យាស្ថាន Serum  នៃប្រទេសឥណ្ឌា និង Janssen។

ក្រុមហ៊ុន Moderna កាលពីថ្ងៃព្រហស្បត៍បាននិយាយថាខ្លួនរំពឹងថានឹងផលិតវ៉ាក់សាំងរបស់ខ្លួនរហូតដល់ ៣ ពាន់លានដូសនៅឆ្នាំ ២០២២ តាមរយៈការប្តេជ្ញាផ្តល់មូលនិធិថ្មីដើម្បីជំរុញការផ្គត់ផ្គង់នៅតាមកន្លែងផលិតនៅអឺរ៉ុបនិងសហរដ្ឋអាមេរិក៕