សហរដ្ឋអាមេរិកនឹងបញ្ជូនជំនួយផ្នែកវេជ្ជសាស្រ្តទៅកាន់ប្រទេសឥណ្ឌាសម្រាប់ទប់ទល់ជំងឺរាតត្បាត

19

សហរដ្ឋអាមេរិកកំពុងតែសន្យាផ្តល់ជំនួយផ្នែកវេជ្ជសាស្រ្តជាបន្ទាន់ដល់ប្រទេសឥណ្ឌាដែលកំពុងប្រឈមមុខនឹងការកើនឡើងនូវករណីកូរ៉ូណាវីរុស។

ចំនួនករណីបានឡើងដល់ ៣០ ម៉ឺននាក់ក្នុងមួយថ្ងៃរយៈពេលបួនថ្ងៃជាប់ៗគ្នានៅប្រទេសឥណ្ឌាដែលបណ្តាលឱ្យខ្វះអុកស៊ីសែនវេជ្ជសាស្ត្រសម្រាប់ព្យាបាល។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍នៅថ្ងៃសៅរ៍នេះថាអ្នកជំងឺកូរ៉ូណាវីរុស ២០ នាក់បានស្លាប់នៅមន្ទីរពេទ្យរដ្ឋធានី​ញូវដេលីដោយសារតែខ្វះអុកស៊ីសែន។

រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក Joe Biden បានប្រកាសកាលពីថ្ងៃអាទិត្យថាសហរដ្ឋអាមេរិកនឹងផ្តល់ជូនឥណ្ឌានូវវត្ថុធាតុដើមដែលត្រូវការជាចាំបាច់ដើម្បីផលិតវ៉ាក់សាំងកូវីដ-១៩ ឧបករណ៍ធ្វើតេស្តរោគវិនិច្ឆ័យ ឧបករណ៍បំពង់ខ្យល់ និងឧបករណ៍ការពារ។ រដ្ឋបាលរបស់លោកក៏បាននិយាយផងដែរថាខ្លួនកំពុងពិចារណាក្នុងការផ្តល់ឧបករណ៍ផលិតអុកស៊ីសែននិងការផ្គត់ផ្គង់ដែលពាក់ព័ន្ធដោយឈរលើមូលដ្ឋានសង្គ្រោះបន្ទាន់។

ទីប្រឹក្សាសន្តិសុខជាតិលោក Jake Sullivan បាននិយាយតាមទូរស័ព្ទជាមួយសមភាគីឥណ្ឌាមុនពេលផែនការជំនួយត្រូវបានប្រកាស។ ពួកគេបានឯកភាពថាប្រទេសទាំងពីរនឹងរក្សាទំនាក់ទំនងជិតស្និទ្ធក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនេះ។

ក្រុមអ្នកសង្កេតការណ៍បាននិយាយថារដ្ឋបាលរបស់លោក Biden កំពុងព្យាយាមពង្រឹងចំណងទាក់ទងជាមួយឥណ្ឌា ដែលទំនងជាមួយបំនងទប់ទល់ការកើនឡើងឥទ្ធិពលរបស់ចិននៅក្នុងតំបន់។

កាលពីខែមីនា មេដឹកនាំសហរដ្ឋអាមេរិក ជប៉ុន អូស្ត្រាលី និងឥណ្ឌាបានបើកកិច្ចប្រជុំកំពូល “ចតុភាគី” ជាលើកដំបូងតាមអនឡាញ និងបានបញ្ជាក់ពីកិច្ចសហប្រតិបត្តិការរបស់ពួកគេក្នុងការដោះស្រាយបញ្ហាពិភពលោកដូចជាការផ្គត់ផ្គង់វ៉ាក់សាំងនិងការប្រែប្រួលអាកាសធាតុ៕