ឆ្កែប៉ូលីសតូចជាងគេបំផុតនៅលើពិភពលោកបានស្លាប់បន្ទាប់ពីម្ចាស់ដែលនាងបានបម្រើស្លាប់

25

លោក Dan McClelland អាយុ ៦៧ ឆ្នាំនិង ឆ្កែប្រយុទ្ធប្រឆាំងបទឧក្រិដ្ឋរបស់គាត់ ឈ្មោះ Midge អាយុ ១៦ ឆ្នាំបានស្លាប់នៅតំបន់ Geauga រដ្ឋ Ohio កាលពីថ្ងៃពុធ។ លោក McClelland តម្រួតប្រចាំខណ្ឌបានស្លាប់នៅក្នុងមន្ទីរពេទ្យដោយសារជំងឺមហារីក ប៉ុន្មានម៉ោងមុនពេលសត្វចិញ្ចឹមជាទីស្រឡាញ់របស់គាត់បានស្លាប់នៅឯផ្ទះ។សុនខ Midge បានចំណាយពេល ១០ ឆ្នាំបម្រើការជាមួយកម្លាំងប្រចាំខណ្ឌ Geauga ជាមួយម្ចាស់របស់នាង មុនពេលអ្នកទាំងពីរចូលនិវត្តន៍ក្នុងឆ្នាំ ២០១៦។​​ នៅពេល Midge បានចូលរួមជាមួយប៉ូលីសក្នុងឆ្នាំ ២០០៦ នាងបានចូលក្នុងកំណត់ត្រាពិភពលោក Guinness ដោយក្លាយជាឆ្កែប៉ូលីសតូចជាងគេបំផុតនៅលើពិភពលោក។

មិនដូចសមភាគីដែលមានមាឌធំជាងនាង នៅពេលនាងវាយឆ្មក់គ្រឿងញៀន នាងនឹងមិនហែកពូករថយន្ត ឬបន្សល់ទុកស្នាមដានជើងឡើយ។ មាឌរបស់នាងបញ្ជាក់ថានាងមិនមានបញ្ហាក្នុងការអង្កេតខាងក្រោមយាន្តយន្តទេ ហើយអាចដេកនៅលើភ្លៅរបស់ម្ចាស់នាងនៅពេលគាត់អង្គុយនៅតុរបស់គាត់។Midge មានភាពល្បីល្បាញនៅក្នុងខណ្ឌនោះ អ្នកស្រុកនឹងចងចាំនាងជាញឹកញាប់ជាងម្ចាស់របស់នាងទៅទៀត។

អ្នកស្នងតំណែងរបស់លោក McClelland គឺលោក Scott Hildenbrand បានរំលឹកថា “គាត់ធ្លាប់និយាយលេងសើចថាពលរដ្ឋនឹងឃើញគាត់នៅក្នុងក្បួនដង្ហែរនៅក្នុងរថយន្ត ហើយនិយាយថា “ហេ! ទីនេះមាន Midge និង ឈ្មោះដែលមិនបានរំលឹក”។ “ខ្ញុំគិតថានាងមានប្រជាប្រិយភាពជាងគាត់”។ អតីតអ្នកនាំពាក្យការិយាល័យតម្រួត លោក Lt John Hiscox បានបន្ថែមថា “វាដូចជាការនាំ Elvis Presley ទៅកណ្តាលផ្លូវអញ្ចឹង។”

លោក McClelland បានបម្រើការជាតម្រួតអស់រយៈពេល ១៣ ឆ្នាំ និង ជាកងកម្លាំង សរុប ៤៤ ឆ្នាំ។ មិត្តរួមការងាររបស់គាត់មានការភ្ញាក់ផ្អើលនៅពេលគាត់បានប្រកាសថាគាត់ចូលនិវត្តន៍និងធ្វើដំណើរជុំវិញប្រទេសជាមួយភរិយានិងសត្វចិញ្ចឹមដ៏មានតម្លៃរបស់គាត់។

លោក Hildenbrand បានបន្ថែមទៀតថា “គាត់បានចំណាយពេល ៤៤ ឆ្នាំដើម្បីការពារប្រជាជននៅក្នុងខណ្ឌនេះ ហើយនិយាយដោយត្រង់ទៅគាត់ស្រឡាញ់ការងាររបស់គាត់គ្រប់វិនាទី។ ខ្ញុំគិតថាគាត់នឹងមិនចូលនិវត្តន៍ទេ”។

ក្រុមគ្រួសារ លោក McClelland បាននិយាយថាអ្នកជាទីស្រឡាញ់ទាំងពីរនាក់នឹងត្រូវបានបញ្ចុះជាមួយគ្នា៕