មេដឹកនាំប្រទេសទាំង ៤ រៀបចំផែនការដើម្បីដោះស្រាយបញ្ហាសកលលោក

33

មេដឹកនាំប្រទេសជប៉ុន សហរដ្ឋអាមេរិក អូស្រ្តាលីនិងឥណ្ឌាបានរៀបចំផែនការកិច្ចសហប្រតិបត្តិការមួយបន្ទាប់ពីកិច្ចប្រជុំកំពូលដែលមានឈ្មោះថាកិច្ចប្រជុំកំពូលប្រទេសទាំង ៤។

សេចក្តីថ្លែងការណ៍រួមមួយដែលត្រូវបានចេញផ្សាយបន្ទាប់ពីកិច្ចពិភាក្សានេះបានផ្តោតលើបញ្ហាជាច្រើនរួមមានជំងឺរាតត្បាតកូរ៉ូណាវីរុសនិងការប្រែប្រួលអាកាសធាតុ។

កិច្ចប្រជុំកំពូលនេះថ្លែងថាប្រទេសទាំងបួននឹងធ្វើការជាបន្តបន្ទាប់ជាមួយស្ថាប័នពហុភាគីរួមមានអង្គការសុខភាពពិភពលោកនិង COVAX Facility ដើម្បីពង្រឹងការទទួលបានវ៉ាក់សាំងប្រកបដោយសមធម៌សំរាប់តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។

មេដឹកនាំនៃប្រទេសទាំង ៤ និយាយថាពួកគេទទួលស្គាល់ការប្រែប្រួលអាកាសធាតុជាអាទិភាពរបស់ពិភពលោកហើយនឹងខិតខំពង្រឹងសកម្មភាពរបស់ប្រជាជាតិទាំងអស់ស្របតាមកិច្ចព្រមព្រៀងទីក្រុងប៉ារីស។

ពួកគេក៏បានយល់ព្រមចាប់ផ្តើមសហប្រតិបត្តិការលើបច្ចេកវិទ្យាសំខាន់ៗនាពេលអនាគត។

ពួកគេគ្រោងបង្កើតក្រុមការងារចំនួន ៣។ ក្រុមមួយនឹងមានគោលបំណងអនុវត្តការចែកចាយវ៉ាក់សាំងប្រកបដោយសុវត្ថិភាពនិងប្រសិទ្ធភាព។ ក្រុមផ្សេងៗទៀតមានបំណងសម្របសម្រួលកិច្ចសហប្រតិបត្តិការលើបទដ្ឋានអន្តរជាតិនិងបច្ចេកវិទ្យានវានុវត្តន៍និងពង្រឹងសកម្មភាពអាកាសធាតុ។

មេដឹកនាំនិយាយថាពួកគេនឹងធ្វើការដើម្បីដោះស្រាយរាល់បញ្ហាប្រឈមនានាទាក់ទងនឹងកិច្ចការជម្លោះផ្ទៃសមុទ្រនៅសមុទ្រចិនខាងកើតនិងខាងត្បូង។

ពួកគេបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះការរំសាយអាវុធនុយក្លេអ៊ែរទាំងស្រុងរបស់កូរ៉េខាងជើងស្របតាមដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។

ពួកគេក៏បានបញ្ជាក់ពីភាពចាំបាច់ដើម្បីដោះស្រាយជាបន្ទាន់នូវបញ្ហានៃការចាប់ជំរិតជនជាតិជប៉ុនរបស់កូរ៉េខាងជើង។

សេចក្តីថ្លែងការណ៍និយាយថារដ្ឋមន្រ្តីការបរទេសនៃប្រទេសទាំងបួននឹងជួបប្រជុំយ៉ាងហោចណាស់ម្តងក្នុងមួយឆ្នាំហើយមេដឹកនាំនឹងធ្វើកិច្ចប្រជុំកំពូលដោយផ្ទាល់នៅចុងឆ្នាំ ២០២១៕