អ៊ែនជីលីណា ជូលី ធ្វើទស្សនកិច្ចជំរុំរ៉ូហ៊ីងយ៉ានៅបង់ក្លាដេស

43

តារាសម្តែងហូលីវូដ លោកស្រី អ៊ែនជីលីណា ជូលី កំពុងធ្វើទស្សនកិច្ចនៅជំរុំជនភៀសខ្លួននៅប្រទេសបង់ក្លាដេសដែលមានប្រជាជនម៉ូស្លីមរូហ៊ីងយ៉ាជិតមួយលាននាក់កំពុងស្នាក់នៅ។

ដំណើរទស្សនកិច្ចរបស់លោកស្រី ជូលី កើតមានខណៈពេលដែលអង្គការសហប្រជាជាតិ គ្រោងនឹងស្នើសុំទឹកប្រាក់ចំនួន 920 លានដុល្លារសហរដ្ឋអាមេរិកដើម្បីបំពេញតាមតម្រូវការមូលដ្ឋានប្រចាំថ្ងៃនៅក្នុងជំរុំ។ លោកស្រី ជូលី កំពុងព្យាយាមជួយបង្កើនការគាំទ្រដល់តួនាទីរបស់នាងក្នុងនាមជាបេសកជនពិសេសរបស់ភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ។

លោកស្រី ជូលី បានចាប់ផ្តើមដំណើរទស្សនកិច្ចរយៈពេលបីថ្ងៃទៅកាន់ប្រទេសនេះកាលពីថ្ងៃចន្ទ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករាយការណ៍ថាលោកស្រីបានទៅជំរុំដ៏ធំបំផុតកាលពីថ្ងៃអង្គារហើយបាននិយាយជាមួយជនជាតិរ៉ូហ៊ីងយ៉ាដែលរស់នៅទីនោះ។

អង្គការសហប្រជាជាតិនិយាយថាដំណើរទស្សនកិច្ចនេះមានគោលបំណងវាយតម្លៃតម្រូវការរបស់ជនភៀសខ្លួន … និងបញ្ហាប្រឈមរបស់ប្រទេសបង់ក្លាដេស។ លោកស្រី ជូលី ក៏គ្រោងនឹងជួបជាមួយនាយករដ្ឋមន្ត្រីបង់ក្លាដេសនិងរដ្ឋមន្ត្រីការបរទេសផងដែរ។

ជនភៀសខ្លួនរ៉ូហ៊ីងយ៉ាច្រើនជាង 730,000 នាក់ត្រូវបានគេប៉ាន់ស្មានថាបានភៀសខ្លួនពីប្រទេសមីយ៉ាន់ម៉ាទៅប្រទេសបង់ក្លាដេសចាប់តាំងពីខែសីហាឆ្នាំ 2017។ ការចាកចេញដ៏ច្រើននេះបានចាប់ផ្តើមបន្ទាប់ពីកម្លាំងសន្តិសុខមីយ៉ាន់ម៉ាបានបើកប្រតិបត្តិការមួយដែលផ្ដោតទៅលើក្រុមសកម្មប្រយុទ្ធរ៉ូហ៊ីងយ៉ា។ ក្រុមអ្នកស៊ើបអង្កេតអង្គការសហប្រជាជាតិបានសន្និដ្ឋានថាយោធារបស់មីយ៉ាន់ម៉ាបានអនុវត្ត “អំពើប្រល័យពូជសាសន៍” និង “ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ” ដែលរដ្ឋាភិបាលបដិសេធ៕