ដុតជញ្ជ្រាំងរាលឆេះព្រៃប្រមាណ២០ហិកតា នៅស្រុកកំពង់លែង

29

 

ខេត្តកំពង់ឆ្នាំង៖ ប្រជាពលរដ្ឋនាំគ្នាដុតជញ្ជ្រាំងស្រូវ បណ្តាលឲ្យរាលឆេះព្រៃ បង្កការភ្ញាក់ផ្អើល ដល់អាជ្ញាធរចុះអន្តរាគមន៍ទាំងថ្ងៃ។ ហេតុការនេះកើតឡើងនៅម៉ោងប្រមាណ១៤និង២០នាទី ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤ ត្រង់ចំណុចបឹងនួន បណ្ដោយផ្លូវក្រាលគ្រួសក្រហម ស្ថិតក្នុងភូមិសាស្រ្តភូមិថ្នល់ឈើទាល ឃុំផ្លូវទូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។

ប្រភពសមត្ថកិច្ចឲ្យដឹងនារសៀលថ្ងៃទី២២ ខែមេសា នេះថា នៅថ្ងៃកើតហេតុមានប្រជាពលរដ្ឋរាយការណ៍ថា មានករណីអគ្គិភ័យកើតឡើងនៅភូមិសាស្រ្តខាងលើ ទទួលបានព័ត៌មាននេះកំលាំងប៉ុស្តិ៍បានសហការជាមួយអាជ្ញាធរភូមិ.ឃុំ ស្រុក ប្រជាការពារ និងប្រជាពលរដ្ឋរួមទាំងព្រះសង្ឍងប្រមាណជិត៥០នាក់ ក្នុងនោះប្រើឡានទឹកអធិការដ្ឋាននគរបាលស្រុកកំពង់លែង១គ្រឿងជួយអន្តរាគមន៍ពន្លត់ បាន១០០%។ គួរបញ្ជាក់ផងដែរក្នុងអគ្គិភ័យនោះបណ្តាលឲ្យឆេះព្រៃចំនួន២០ហិកតា ជាសំណាងល្អសមត្ថកិច្ចនិងប្រជាពលរដ្ឋស្រុះដៃគ្នា ពន្លត់បានទាន់ពេល មិនបណ្តាលឲ្យរាលឆេះផ្ទះឡើយ។

ជាមួយគ្នានេះ អាជ្ញាធរស្រុកកំពង់លែង សូមអំពាវនាវដល់ប្រជាពលរដ្ឋសូមបង្កើនការប្រុងប្រយ័ត្នចំពោះគ្រោះអគ្គិភ័យ ព្រោះជាដូវក្តៅ ងាយស្រួលក្នុងការបង្កហានីភ័យផ្សេងៗជាយថាហេតុ ដូចច្នេះត្រូវប្រើប្រាស់ភ្លើងអគ្គីសនី និងភ្លើងចង្ក្រានដោយភាពទទួលខុសត្រូវ៕