បទល្មើសនេសាទ”ទូកនាមទទឹង” ធ្វើសកម្មភាពយ៉ាងអាណាធិប្បតេយ្យពេញផ្ទៃទឹក សមត្ថកិច្ចជំនាញខេត្តកំពង់ឆ្នាំង គ្មានការបង្ក្រាបឲ្យមានប្រសិទ្ធភាព

63

 

ខេត្តកំពង់ឆ្នាំង៖ បទល្មើសឧបករណ៍នេសាទ (នាមទទឹងទឹក) ប្រហែលចំនួន៧ទៅ៨ទូក កំពុងធ្វើសកម្មភាពយ៉ាងអាណាធិប្បតេយ្យជារៀងរាល់ថ្ងៃ ដោយឆ្លងពីដែនសមត្ថកិច្ចខេត្តកណ្តាល មកធ្វើសកម្មភាពល្មើស នៅដែនសមត្ថកិច្ចខេត្តកំពង់ឆ្នាំង ប៉ុន្តែហាក់ដូចជាគ្មានការបង្ក្រាបពីសមត្ថកិច្ចជំនាញឡើយ ជាហេតុធ្វើឲ្យមហាជនយល់ថាជាការត្រូវរ៉ូវគ្នា ជាថ្នូនិងផលប្រយោជន៍។

ជាក់ស្តែងនៅរសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ ស្ថិតក្នុង ឃុំអំពិលទឹក ឃុំកោះថ្កូវ និងឃុំជលសា ត្រង់ចំណុចស្ទឹងស្ងួត ក្អែកពង ចំណុចមុខតាជេស កំពុងប្រាសាទ និងចំណុចក្បាលកោះឬស្សីដង្គួច មានសកម្មភាពទូកនាមទាំងនេះ ប្រមាណ៧ទៅ៨ទូក ធ្វើសកម្មភាពយ៉ាងរំភើយ ហាក់បីជាមិនញញើត រអា ក្នុងចំណាត់ការផ្លូវច្បាប់ណាមួយពីសំណាក់សមត្ថកិច្ចជំនាញរបស់ខេត្តកំពង់ឆ្នាំងឡើយ។បើតាមប្រភពពលរដ្ឋបង្ហើបឱ្យដឹងថាឈ្មោះជា គឺអ្នករត់ការបទល្មើស “នាមទទឹង” ទាំងអស់នោះ ឲ្យទៅអ្នកពាក់ព័ន្ធ ទើបធ្វើការអ្នកនេសាទខុសច្បាប់ យ៉ាងរលូនបានដូចនេះ។
ថ្ងៃដដែលនេះដែរ លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់និង នេសាទ ខេត្តកំពង់ឆ្នាំងបានឲ្យដឹងថា លោកទទួលបានព័ត៌មាននេះហើយ និងបញ្ជាឲ្យលោកលី ឡា នាយខណ្ឌ ចុះពិនិត្យចាត់វិធានការ។ ដោយឡែកលោក លី ឡា បញ្ជាក់ថា ពាក់ព័ន្ធករណីនេះ កន្លងមកទូកនាមទាំងនេះមានលិខិតអនុញ្ញតនៅខេត្តកណ្តាល ដោយខាងគេអត់សូវមានត្រី ម្លោះ!ហើយទើបចេះតែច្រាលចូលមកក្នុងដែនទឹកខេត្តកំពង់ឆ្នាំង ប៉ុន្តែលោកបានឲ្យសង្កាត់ និងផ្នែកដេញទៅខេត្តកណ្តាលវិញអស់ហើយ តែប្រសិនជារឹងទទឹងនៅធ្វើសកម្មភាពទៀត នឹងចាប់បង់ពិន័យតាមច្បាប់ស្តីពីជលផល។

ទោះជាមានការអះអាងពីមន្ត្រីជំនាញដូចនេះក្តី ប្រជាពលរដ្ឋនេសាទជាលក្ខណៈគ្រួសារ នៅតែយល់ថា ជាការលើកឡើងឲ្យតែរួចពីមាត់ ព្រោះជាក់ស្តែងបទល្មើស ទូកនាមទទឹងនេះនៅតែប្រព្រឹត្តសកម្មភាពដដែលជាដដែល ជារៀងរាល់ថ្ងៃ។ក្នុងនោះមានតែស្នើដល់ ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំងនិងជាប្រធានគណៈបញ្ជាការឯកភាពខេត្តតែប៉ុណ្ណោះ ដែលពួកគាត់ជឿជាក់ មេត្តាជួយឱ្យជំនាញពាក់ព័ន្ធគ្រប់ស្ថាប័នចុះស្រាវជ្រាវបង្ក្រាប និងទប់ស្កាត់ទាន់ពេលវេលា ទើបអាចរក្សាបាននូវមច្ឆាជាតិសំបូឡើងវិញ ផ្តល់ប្រយោជន៍រួមដល់ប្រជាពលរដ្ឋរស់នៅតាមដងទន្លេ បឹងបួរ ពឹងផ្អែកលើមុខរបរនេសាទត្រីនេះហើយដើម្បីចិញ្ចឹមជីវិតគ្រួសារប្រចាំថ្ងៃ៕