អភិបាលរងខេត្តកំពង់ធំជំរុញឲ្យសមាគមក្រុមប្រឹក្សា ក្រុង ស្រុក ឃុំ សង្កាត់ អនុវត្តឱ្យបាននៅគោលការណ៍៩ ចំណុចសំខាន់ៗ

45

 

(កំពង់ធំ) ៖ ឯកឧត្តម ចាន់ តារា អភិបាលរងខេត្តកំពង់ធំជំរុញឲ្យសមាគមក្រុមប្រឹក្សា ក្រុង ស្រុក ឃុំ សង្កាត់ ខេត្តអនុវត្តឱ្យបាននៅគោលការណ៍ ៩ចំណុចសំខាន់ៗ។

ឯកឧត្តមថ្លែងក្នុងពិធីបិទកិច្ចប្រជុំក្រុមប្រឹក្សាសមាគម របស់សមាគមក្រុមប្រឹក្សា ក្រុង ស្រុក ឃុំ សង្កាត់ ខេត្តកំពង់ធំ លើកទី៥ អាណត្តិទី៣ ប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ ដោយមានកិច្ចសហការជាមួយសមាគមក្រុមប្រឹក្សាមូលដ្ឋាន និងសម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន អង្ការ AEA ព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤នៅសាលប្រជុំរដ្ឋបាលខេត្តកំពង់ធំ។

លោក គៀង សេងគី ប្រធានសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តកំពង់ធំបានធ្វើរបាយការណ៍ព្រមទាំងផ្ដល់អនុសាសន៍ដល់សមាជិកទាំងអស់ត្រូវខិតខំបង្កើនសមត្ថភាពរបស់ខ្លួន ព្រមទាំងចូលរួមរៀបចំផែនការយុទ្ធសាស្ត្រឲ្យបានប្រសើរឡើងដើម្បីឆ្លើយតបទៅនឹងផែនការសកម្មភាពរបស់ខ្លួន និងអនុវត្តតួនាទីឱ្យបានល្អជៀសវាងការអនុវត្តផ្ទុយភារកិច្ចដែលធ្វើឲ្យប៉ះពាល់ដល់តួនាទីព្រមទាំងប្រឈមមុខនិងច្បាប់ទៀតផង។

ឯកឧត្តម ចាន់ តារា បានសម្តែងនូវការអបអរសាទរចំពោះលទ្ធផលជាផ្លែផ្កានៃកិច្ចប្រជុំក្រុមប្រឹក្សា សមាគម លើកទី៥ អាណត្តិទី៣ ប្រចាំឆ្នាំ២០២២៣ ដែលផ្តល់ឱកាសឱ្យក្រុមប្រឹក្សាសមាគម ត្រួតពិនិត្យ និងវាយតម្លៃលើសមិទ្ធផលសម្រេចបាន ដោយបានចែករំលែកមេរៀន បទពិសោធន៍ល្អៗ  ព្រមទាំងបានកំណត់ទិសដៅការងារដែលត្រូវបន្តអនុវត្តក្នុងឆ្នាំ ២០២៤ ក្នុងគោលបំណង លើកកម្ពស់ និងពង្រឹងការអនុវត្តសិទ្ធិ អំណាច តួនាទី និងការទទួលខុសត្រូវស្របច្បាប់របស់ក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់នៅទូទាំង ខេត្តកំពង់ធំ។ ឯកឧត្តម សង្ឃឹមយ៉ាងមុតមាំថា អង្គអភិបាលកិច្ច នៃសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តកំពង់ធំ អាណត្តិទី៣ នេះ នឹងខិតខំប្រឹង ប្រែងអនុវត្តតួនាទីរបស់ខ្លួន ដើម្បីនាំមកនូវសមិទ្ធផលថ្មីៗបន្ថែមទៀតជូនដល់សមាជិករបស់ខ្លួន។
ឯកឧត្តម ចាន់ ដារា បានរំលេចនូវចំណុចអត្ថិភាព៩ដូចខាងក្រោម៖

១. ផ្តល់សេវាសាធារណៈ ជាពិសេសសេវារដ្ឋបាលប្រកបដោយគុណភាព តម្លាភាព និងទទួលបានជំនឿទុកចិត្ត។
២. គ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើស គ្រប់ប្រភេទ។
៣. មានសណ្តាប់ធ្នាប់សាធារណៈល្អ ជាពិសេសគ្មានគ្រោះថ្នាក់ចរាចរណ៍។
៤. គ្មានអំពើអនាចារ គ្មានការជួយញដូរមនុស្ស ពិសេសស្រ្តីនិងកុមារ គ្មានអំពើហឹង្សា ក្នុងគ្រួសារ និងគ្មានក្មេងទំនើង។
៥. ដោះស្រាយវិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការប្រកបដោយគុណភាព និងប្រសិទ្ធភាព
៦. មានអនាម័យ មានសោភ័ណភាពល្អ និងបរិស្ថានល្អ។
៧. ឆ្លើយតបបានទាន់ពេលវេលាចំពោះគ្រោះមហន្តរាយ និងរាល់ជំងឺរាតត្បាតកាចសាហាវ ប្រកបដោយប្រសិទ្ធភាព។
៨. សូមឲ្យសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន ខេត្តកំពង់ធំ ខិតខំរិះរកមធ្យោបាយ ដើម្បី ធ្វើការបណ្តុះបណ្តាលដល់សមាជិកក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ របស់ខ្លួនឲ្យបានគ្រប់ៗគ្នា ដើម្បីមានសមត្ថភាពគ្រប់គ្រាន់ក្នុងការបំពេញ តួនាទី និងភារកិច្ចដើម្បីផ្តល់សេវាសាធារណៈជូន ប្រជាពលរដ្ឋ និងដោះស្រាយបញ្ហា ប្រឈមឲ្យបានល្អប្រសើរប្រកបដោយភាពពេញចិត្ត។
៩. សូមឲ្យក្រុមប្រឹក្សារដ្ឋបាលថ្នាក់ក្រោមជាតិ ស្វែងយល់ពីច្បាប់ និង លិខិតបទដ្ឋាន គតិយុតនានា ហើយអនុវត្តន៍ឲ្យបានត្រឹមត្រូវតាមការណែនាំ។

ជាទីបញ្ចប់ឯកឧត្តមសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសមាគមក្រុមប្រឹក្សាថ្នាក់មូល ដ្ឋានខេត្តកំពង់ធំ ដែលក្នុងរយៈពេលកន្លងមកនេះ បានខិតខំអនុវត្តតួនាទីភារកិច្ចរបស់ខ្លួន ដើម្បី បង្កើតសមិទ្ធផលធំៗជាច្រើន និងបានចូលរួមចំណែកយ៉ាងសកម្មក្នុងកម្មវិធីកំណែទម្រង់នានា របស់រាជរដ្ឋាភិបាល ជាពិសេសកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ស្របតាមលក្ខន្តិកៈ របស់ខ្លួនដែលបានតម្កល់នៅក្រសួងមហាផ្ទៃ ព្រមទាំងបន្តការគាំទ្រដល់ការអនុវត្តសកម្មភាព របស់សមាគម ក្នុងការជួយដោះស្រាយបញ្ហាប្រឈមនានាដែលសមាជិកកំពុងជួបប្រទះក្នុង ការ ផ្តល់ សេវាជូនប្រជាពលរដ្ឋ។