ព្រះមុនីធម្មវេទី ឡាំ អិត និងមូលនិធិសង្គហទានសង្គមខេត្តកំពង់ធំ បាននិមន្តចុះសាកសួរសុខទុក្ខ និងនាំយកអំណោយប្រគល់ដល់ប្រជាពលរដ្ឋខ្មែរឥស្លាម០៧គ្រួសារ ដែលរងគ្រោះដោយអគ្គីភ័យភ្លើងឆេះផ្ទះ នៅភូមិត្រពាំងឈូក

7

 

(កំពង់ធំ)÷ នៅព្រឹកថ្ងៃព្រហស្បតី៍០៦កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនិងថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ ព្រះមុនីធម្មវេទី ឡាំ អិត ព្រះសមុហ៍គណខេត្ត និងជាព្រះប្រធានមូលនិធិសង្គហទានសង្គមខេត្តកំពង់ធំ និងលោក ហឿន យ៉ិនធីរ អនុប្រធានមន្ទីរធម្មការ និងសាសនាខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍ មូលនិធិសង្គហទានសង្គមខេត្តកំពង់ធំ បាននិមន្ត អញ្ជើញចុះសាកសួរសុខទុក្ខ ដល់ប្រជាពលរដ្ឋខ្មែរឥស្លាមចំនួន០៧គ្រួសារ ដែលរងគ្រោះដោយអគ្គីភ័យភ្លើងឆេះផ្ទះ នៅភូមិត្រពាំងឈូក ឃុំបឹង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

ក្នុងឱកាសនោះផងដែរ ព្រះមុនីធម្មវេទី ឡាំ អិត បានមានសង្ឃដីកាពាំនាំការសាកសួរសុខទុក្ខពីព្រះសត្ថាបារមី សៀង សុខ ព្រះមេគណខេត្តកំពង់ធំ បាននាំយកឃីតចំនួន១៤ឃីត សម្ភារប្រើប្រាស់  គ្រឿងឧបភោគបរិភោគ និងថវិកាចំនួន ១,៤០០,០០០ រៀល (មួយលានសែសិបម៉ឺនរៀល) ជូនដល់ប្រជាពលរដ្ឋខ្មែរឥស្លាមទាំង០៧គ្រួសារ ដែលរងគ្រោះដោយភ្លើងឆេះផ្ទះនេះគឺ សម្តែងឱ្យឃើញពីការយកព្រះទ័យទុកដាក់របស់ព្រះសង្ឃពុទ្ធសាសនា ចំពោះប្រជាពលរដ្ឋខ្មែរទាំងអស់ដោយមិនប្រកាន់និន្នាការនយោបាយ ឬជំនឿសាសនាអ្វីទាំងអស់ ស្រមតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលស្តីពីសុខដុមនីយកម្មសាសនានៅកម្ពុជា។

ក្នុងនោះផងដែរ ព្រះមុនីធម្មវេទី ឡាំ អិត មានសង្ឃដីកាចូលរួមសោកស្តាយយ៉ាងក្រៃលែង ជាមួយនឹងក្រុមគ្រួសារម្ចាស់ផ្ទះ ដែលអគ្គីភ័យដែលបានឆេះផ្ទះ០៧ខ្នងនេះអស់ទាំងស្រុង ធ្វើឱ្យបាត់បង់នៅទ្រព្យសម្បត្តិជាច្រើន ដែលមិនបានជួយសង្គ្រោះទាន់ពេលវេលា សូមលើកទឹកចិត្តដល់ម្ចាស់ផ្ទះ មានស្មារតីរឹងមាំឡើងវិញ កត្តាធម្មជាតិតែងតែកើតមានឡើង ដោយខ្វះការប្រុងប្រយ័ត្ន ទើបបណ្ដាលឱ្យមានហេតុការណ៍នេះកើតឡើង។ សូមឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ មានការប្រុងប្រយ័ត្នចំពោះភ្លើងធូប ទៀន ឬភ្លើងចង្ក្រាន បំពង់ហ្គាស និងភ្លើងអគ្គិសនីអាចកើតឡើងជាយថាហេតុ។