ផ្ទះ៧ខ្នង អំណោយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ត្រូវបានប្រគល់ជូនគ្រួសារអតីតយុទ្ធជន នៅស្រុកសាមគ្គីមានជ័យ

22

 

ខេត្តកំពង់ឆ្នាំង៖ ផ្ទះចំនួន៧ខ្នង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ត្រូវបានប្រគល់ជូនអតីតយុទ្ធជនចំនួន៧
គ្រួសារ នាព្រឹកថ្ងៃទី ១៣ ខែកុម្ភះ ឆ្នាំ២០២៤ នៅភូមិអូរកាខុប ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

ការប្រគល់ជូននេះ ក្រោមអធិបតីភាពឯកឧត្តម ឧត្តមសេនីយ៍ឯក ឈៀ ស៊ីដារ៉ា នាយរងសេនាធិការចម្រុះ អគ្គលេខាធិការរង សមាគមអតីតយុទ្ធជនកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ដ្រី អនុប្រធាន និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជនកម្ពុជា និង ឯកឧត្តម អម សុភា អភិបាលរងខេត្ត តំណាងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ្ធិ អភិបាលនៃគណៈអភិបាលខេត្ត ដោយមានការចូលរួមពី លោកឧត្តមសេនីយត្រី អ៊ុំ សុភា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង លោក ឈាង ចន្ធី ប្រធានមន្ទីរសង្គមកិច្ចអតីតយុទ្ធជននិងយុវនិតិសម្បទាខេត្ត ប្រធានមន្ទីរជុំវិញខេត្ត និង អភិបាលក្រុងស្រុកចូលរួមផងដែរ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឈៀ ស៊ីដារ៉ា បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើការសាកសួរសុខទុក្ខ ពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និង ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ដ្រី អនុប្រធាន និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជនកម្ពុជា ដែលកន្លងមកតែងតែគិតគូរពីសុខទុក្ខដល់អតីតយុទ្ធជន និង គ្រួសារអតីតយុទ្ធជន គ្រប់ពេលវេលានិងគ្រប់ទីកន្លែង ដោយមិនប្រកាន់ពូជសាសន៍និងនិន្នាការនយោបាយឡើយ។

ក្នុងនោះឯកឧត្តម បន្ថែមដល់គ្រួសារអតីតយុទ្ធជនទាំងអស់ ពេលទទួលបានផ្ទះនិងដីខិតខំបង្កបង្កើនផល ថែទាំសុខភាព អប់រំកូនចៅអោយខិតខំរៀនសូត្រ បង្កើនមុខរបបប្រចាំថ្ងៃ ចូលរួមជាមួយអាជ្ញាធរនិងសមត្ថកិច្ចអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព និងរួមគ្នាថែរក្សាសុខសន្តិភាពដែលមានបច្ចុប្បន្នអោយនៅគង់វង្ស៕