បងប្អូនប្រុសម្តាយទីទៃជនជាតិអាមេរិកដែលត្រូវបានកាត់ទោសដោយកំហុសនឹងទទួលបានប្រាក់ចំនួន ៨៤ លានដុល្លារ

26

មេធាវីរបស់ពួកគេបាននិយាយកាលពីថ្ងៃចន្ទទី ១៧ ខែឧសភា ថា បងប្អូនប្រុសម្តាយទីទៃជនជាតិអាមេរិកកាត់អាហ្រ្វិក ២ នាក់ដែលបានជាប់ពន្ធនាគាររយៈពេល ៣១ ឆ្នាំនៅរដ្ឋ North Carolina ភាគខាងត្បូងសហរដ្ឋអាមេរិកពីបទឧក្រិដ្ឋដែលពួកគេមិនបានប្រព្រឹត្តិត្រូវបានផ្តល់ប្រាក់ចំនួន ៨៤ លានដុល្លារអាមេរិក។

លោក Des Hogan បានប្រាប់ AFP ថា៖ «នេះគឺជាសាលក្រមតុលាការដ៏ធំបំផុតដែលមិនធ្លាប់មាននៅក្នុងការផ្តន្ទាទោសខុសក្នុងប្រវត្តិសាស្ត្រសហរដ្ឋអាមេរិក។

លោក Henry Lee McCollum និងប្អូនប្រុសម្តាយទីទៃរបស់គាត់ឈ្មោះ Leon Brown ដែលពួកគេទាំងពីរជាមនុស្សមានបញ្ញាខ្សោយត្រូវបានកាត់ទោសពីបទរំលោភនិងសម្លាប់ក្មេងស្រីអាយុ ១១ ឆ្នាំ កាលពីឆ្នាំ ១៩៨៣ ។ ពួកគេមានអាយុ ១៩ និង ១៥ ឆ្នាំ នៅពេលត្រូវបានចាប់ខ្លួន ហើយបានអះអាងថាត្រូវបានបង្ខំឲ្យចុះហត្ថលេខាលើចម្លើយសារភាព។

ការផ្តន្ទាទោសរបស់ពួកគេត្រូវបានបដិសេធចោលក្នុងឆ្នាំ ២០១៤ បន្ទាប់ពីការរកឃើញភស្តុតាង DNA ដែលទទួលស្គាល់បុរសម្នាក់ទៀតនៅកន្លែងដែលសាកសពក្មេងស្រីត្រូវបានរកឃើញ។

លោក McCollum និងលោក Brown បានបន្តរឿងក្តីសិទ្ធិស៊ីវិលសហព័ន្ធនិងតុលាការកាលពីថ្ងៃសុក្របានផ្តល់ប្រាក់សំណងដល់ពួកគេចំនួន ៨៤ លានដុល្លារជាសំណងខូចខាត ការសងជំងឺចិត្ត និងអត្ថប្រយោជន៍។

លោក Hogan បានមានប្រសាសន៍ថា “តុលាការបានផ្ញើសារមួយថាសម័យមុននៃការមិនយកចិត្តទុកដាក់នឹងសិទ្ធិរបស់អ្នកក្រ មនុស្សមានពណ៌សម្បុរខុសគ្នា អ្នកដែលមិនត្រូវបានយកចិត្តទុកដាក់នៅក្នុងតំបន់ជនបទបានកន្លងផុត”។ លោក Hogan បាននិយាយថា “ពួកគេរំភើបដែលពួកគេបានឈ្នះ ពួកគេសប្បាយចិត្ត ដែលតុលាករបាននិយាយថាមន្ត្រីច្បាប់ខុស”។ ពួកគេមិនមានទោស៕