ភោជនីយដ្ឋាន Raj’s Banana Leaf នៅម៉ាឡេស៊ីត្រូវបានបញ្ជាឱ្យបិទបន្ទាប់ពីបែកធ្លាយវីដេអូលាងចាននៅក្នុងថ្លុកទឹកតាមចិញ្ចើមផ្លូវ

87

ភោជនីយដ្ឋានមួយកន្លែងនៅម៉ាឡេស៊ីឈ្មោះ Raj’s Bansar Leaf នឹងត្រូវបិទទ្វាររហូតទាល់តែមានការជូនដំណឹងបន្ថែមបន្ទាប់ពីបបែកធ្លាយវីដេអូដែលបង្ហាញពីបុគ្គលិកលាងចាននៅថ្លុកទឹកកខ្វក់តាមចិញ្ចើមផ្លូវត្រូវបានបង្ហោះតាមបណ្តាញសង្គម។ទីភ្នាក់ងារព័ត៌មាន Bernama បានឱ្យដឹងថាការបិទទ្វារនេះត្រូវបានបញ្ជាដោយនាយកដ្ឋានសុខាភិបាលរបស់ក្រុមប្រឹក្សាក្រុងគូឡាឡាំពួ។

ប្រព័ន្ធផ្សព្វផ្សាយ The Star Online ក៏បានរាយការណ៍ផងដែរថាក្រុមអធិការកិច្ចសុខាភិបាលនឹងទៅកាន់ភោជនីយដ្ឋាននោះនៅថ្ងៃពុធ (ថ្ងៃទី 30 ខែឧសភា) នៅម៉ោង 10 ព្រឹក។ភ្នាក់ងារព័ត៌មាន Twentytwo13 ក៏បានដកស្រង់សម្តីអភិបាលក្រុងកូឡាឡាំពួលោក Mohd Amin Nordin Abdul Aziz ផងដែរដែលបានហៅភោជនីយដ្ឋាននេះថា “ឆ្កួត”  ហើយបាននិយាយថាលោកនឹងណែនាំមន្ត្រីនាយកដ្ឋានផ្នែកសុខាភិបាលនិងបរិស្ថានដើម្បីបិទកន្លែងនេះនៅថ្ងៃពុធ។

លោក Amin ត្រូវបានដកស្រង់សម្តីដែលនិយាយថា “វានឹងនៅតែបិទទ្វាររហូតដល់ពួកគេគោរពតាមបទបញ្ជារទាំងអស់របស់យើង”។

វីដេអូឃ្លីបដែលមានរយៈពេល 30វិនាទី បង្ហាញថាបុគ្គលិកកំពុងអង្គុយលាងចាននៅក្នុងទឹកពណ៌លឿងត្នោតនៅក្នុងថ្លុកនៅតាមចិញ្ចើមផ្លូវ។កាលពីថ្ងៃអង្គារ ភោជនីយដ្ឋាននេះបានសុំទោសនៅលើហ្វេសប៊ុកដោយនិយាយថាបុគ្គលិកដែលទើបបម្រើការថ្មីថ្មោងទទួលខុសត្រូវចំពោះឧប្បត្តិហេតុដ៏អកុសលនេះ។

វាបានសរសេរនៅក្នុងបណ្តាញសង្គមថា “វាមិនដែលធ្លាប់កើតឡើងពីមុនមកទេ ហើយយើងមិនគួរធ្វើអោយវាកើតឡើងនោះដែរ។ យើងក៏ចង់ធានាដល់អ្នកថា Raj’s Banana Leaf ឆ្លងកាត់ការត្រួតពិនិត្យសុខាភិបាលជាទៀងទាត់”។

យើងនឹងបន្តឃ្លាំមើលផ្ទះបាយរបស់យើងដោយយកចិត្តទុកដាក់និងប្រុងប្រយ័ត្ន ព្រោះថាអនាម័យនិងភាពស្អាតគឺជាអាទិភាពកំពូលរបស់យើង។ សកម្មភាពដ៏តឹងរឹងត្រូវបានធ្វើឡើងប្រឆាំងនឹងបុគ្គលិកទាំងនេះ ហើយយើងក៏ចង់ធានាថាវានឹងមិនកើតឡើងម្តងទៀតនោះទេ។

ភោជនីយដ្ឋាន Raj’s Banana Leaf ក៏បានអញ្ជើញអតិថិជនទៅចូលរួមបរិភោគអាហារពេលល្ងាចផងដែរនៅហាងដូចគ្នានៅថ្ងៃព្រហស្បតិ៍។

យើងពិតជាយល់ពីកង្វល់របស់អ្នក ប៉ុន្តែខ្ញុំសង្ឃឹមថាអ្នកនៅតែផ្តល់ឱកាសឱ្យយើងបម្រើអ្នកនាពេលអនាគត៕