អ៊ីស្រាអែលមិនមានករណីស្លាប់ប្រចាំថ្ងៃថ្មីពីកូរ៉ូណាវីរុស

20

ប្រទេសអ៊ីស្រាអែលមិនបានបង្ហាញថាមានអ្នកស្លាប់ដោយសារកូរ៉ូណាវីរុសនេះទេកាលពីថ្ងៃព្រហស្បតិ៍ដែលនេះជាលើកទីមួយក្នុងរយៈពេលប្រហែល ១០ ខែ ដែលប្រទេសនេះមិនបានរាយការណ៍ពីការស្លាប់ដោយសារជំងឺកូវីដ-១៩។

ទិន្នន័យដែលចេញផ្សាយដោយរដ្ឋាភិបាលអ៊ីស្រាអែលបានបង្ហាញថាគិតត្រឹមម៉ោង ៨ យប់ កាលពីថ្ងៃសុក្រមិនមានអ្នកស្លាប់កាលពីថ្ងៃមុនឡើយ។ចំនួនករណីឆ្លងវីរុសថ្មីបាននិងកំពុងធ្លាក់ចុះទូទាំងប្រទេសអ៊ីស្រាអែលនៅពេលការចាក់វ៉ាក់សាំងមានការវិវឌ្ឍន៍។

ប្រជាជនប្រមាណ ៥ លាននាក់ ឬប្រហែល ៥៤% នៃចំនួនប្រជាជនសរុបបានទទួលនូវការចាក់វ៉ាក់សាំងដូសលើកទីពីររួចហើយ។ចំនួនករណីប្រចាំថ្ងៃថ្មីលើសពី ១០,០០០ ក្នុងខែមករា ប៉ុន្តែថ្មីៗនេះបានធ្លាក់ចុះដល់ប្រហែល ១០០ នាក់ប៉ុណ្ណោះ។រហូតមកដល់ពេលនេះអ៊ីស្រាអែលបានរាយការណ៍អំពីការស្លាប់ប្រមាណ ៦,៣០០ នាក់។ ចំនួនអ្នកស្លាប់ខ្ពស់បំផុតក្នុងមួយថ្ងៃគឺ ៧៧ នាក់ក្នុងខែមករា។

ក្រសួងសុខាភិបាលបាននិយាយកាលពីខែកុម្ភៈថាការចាក់វ៉ាក់សាំងការពារកូរ៉ូណាវីរុសបានបង្ហាញថាមានប្រសិទ្ធភាព ៩៨,៩% ក្នុងការការពារការស្លាប់ពីវីរុស ២ សប្តាហ៍បន្ទាប់ពីចាក់ដូសលើកទីពីរ។

រដ្ឋាភិបាលកំពុងរៀបចំសម្រាប់ការផ្គត់ផ្គង់វ៉ាក់សាំងបន្ថែមទៀត។ ខ្លួនបានប្រកាសកាលពីដើមខែនេះថាខ្លួនបានឈានដល់កិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនឱសថអាមេរិក Pfizer សម្រាប់ការទិញដូសបន្ថែមសម្រាប់ឆ្នាំ ២០២២៕