អង្គការសុខភាពពិភពលោកអំពាវនាវឱ្យបន្តប្រើប្រាស់វ៉ាក់សាំង AstraZeneca

18

គណៈកម្មការក្រុមប្រឹក្សារបស់អង្គការសុខភាពពិភពលោកនិយាយថាការពិនិត្យឡើងវិញនូវទិន្នន័យដែលអាចរកបានលើវ៉ាក់សាំង AstraZeneca COVID-19 មិនបានបង្ហាញពីការកើនឡើងជាទូទៅនៃស្ថានភាពកកឈាមចំពោះអ្នកដែលបានចាក់វានោះទេ។

គណៈកម្មការបានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រទាក់ទងនឹងវ៉ាក់សាំងដែលផលិតដោយ AstraZeneca និងសាកលវិទ្យាល័យ Oxford បន្ទាប់ពីមានសេចក្តីរាយការណ៍ថាមនុស្សមួយចំនួនបានវិវត្តទៅជាកំណកឈាម។

គណៈកម្មាការក៏បានណែនាំផងដែរថាបណ្តាប្រទេសនានាបន្តតាមដានសុវត្ថិភាពវ៉ាក់សាំង COVID-19 ទាំងអស់។

អគ្គនាយកអង្គការសុខភាពពិភពលោក លោក Tedros Adhanom Ghebreyesus បានមានប្រសាសន៍នៅក្នុងសន្និសីទសារព័ត៌មានសង្ខេបជាទៀងទាត់មួយកាលពីថ្ងៃសុក្រថា “COVID-19 គឺជាជំងឺមរណៈហើយវ៉ាក់សាំង Oxford-AstraZeneca អាចបង្ការវាបាន”។

លោកបានទទូចដល់បណ្តាប្រទេសនានាឱ្យបន្តផ្តល់ការចាក់ថ្នាំបង្ការរោគនេះ ហើយក៏បាននិយាយផងដែរថាគម្រោងចែកចាយវ៉ាក់សាំង COVAX ដែលដឹកនាំដោយស្ថាប័នពិភពលោកនឹងបន្តប្រើប្រាស់វា។

ប្រទេសអាឡឺម៉ង់និងបារាំងស្ថិតក្នុងចំណោមបណ្តាប្រទេសអ៊ឺរ៉ុបដែលបានបញ្ឈប់ការផ្តល់វ៉ាក់សាំង AstraZeneca ជាបណ្តោះអាសន្ន។

ប្រទេសមួយចំនួនចាប់តាំងពីពេលនោះមកផ្តល់ការចាក់ថ្នាំម្តងទៀតបន្ទាប់ពីទីភ្នាក់ងារត្រួតពិនិត្យឨសថរបស់សហភាពអ៊ឺរ៉ុបបានប្រកាសថាមានសុវត្ថិភាពកាលពីថ្ងៃព្រហស្បត្តិ៍៕