ត្រីបបែលមួយក្បាលត្រូវបានសង្ស័ថាសម្លាប់អ្នកហែលទឹកនៅឆ្នេរអូស្រ្តាលី

319

អ្នកហែលទឹកម្នាក់បានស្លាប់បន្ទាប់ពីបានរងបួសនៅត្រង់ពោះរបស់គាត់នៅក្នុងការវាយប្រហារដោយត្រីបបែលដែលគួឲ្យសង្ស័យមួយក្បាលនៅឆ្នេរអូស្រ្តាលីដែលជាការជួបប្រទះគ្រោះថ្នាក់ដល់ជីវិតដ៏កម្រមួយដោយសារត្រី។

ការស្លាប់របស់ជនរងគ្រោះវ័យ 42 ឆ្នាំនេះបានកើតឡើងជាងមួយទសវត្សរ៍​ បន្ទាប់ពីលោក Steve Irwin អ្នកនេសាទក្រពើដែលល្បីល្បាញពាសពេញពិភពលោកត្រូវបានសម្លាប់នៅពេលដែលធ្មុងត្រីបបែលមួយក្បាលចាក់ទំលុះដើមទ្រូងរបស់គាត់ខណៈពេលគាត់កំពុងថតខ្សែភាពយន្ត Great Barrier Reef ដ៏ល្បីល្បាញ។

ប៉ូលិសបាននិយាយថា បុរសនោះស្ថិតនៅក្នុងនៅឆ្នេរ Lauderdale ចម្ងាយ 23 គីឡូម៉ែត្រពីទីក្រុង Hobart នៅកោះភាគខាងត្បូងរដ្ឋ Tasmania កាលពីថ្ងៃសៅរ៍នៅពេលដែលគាត់បានរងរបួសត្រង់ផ្នែកខាងក្រោមពោះរបស់គាត់ … ដែលអាចបង្កដោយសត្វសមុទ្រ។

ប៉ូលិសបានបន្ថែមថាគាត់ត្រូវបាននាំយកទៅលើឆ្នេរដោយមិត្តភក្តិ ប៉ុន្តែបានទទួលរងនូវការគាំងបេះដូងនិងមិនអាចត្រូវបានជួយសង្គ្រោះបានទេ។

ប៉ូលិសមូលដ្ឋានជាន់ខ្ពស់ប្រចាំរដ្ឋ Tasmania លោក Brett Bowering បាននិយាយប្រាប់សារព័ត៌មាន Sunday Tasmanian ថា “វាមានលក្ខណៈដូចគ្នានឹង (របួសដែលបង្ករដោយត្រីបបែល)​ ការស៊ើបអង្កេតបន្ថែមទៀតនិងការពិនិត្យលើអ្នកស្លាប់អាចផ្តល់នូវការពិតជាក់ស្តែងបន្ថែមទៀត”។

វាជាឧបទ្ទវហេតុដ៏គួរឱ្យរន្ធត់មួយដែលត្រូវដឹង។

អ្នករស់ក្នុងតំបន់នោះបានប្រាប់សារព័ត៌មាន Tasmanian ថាបុរសម្នាក់នេះហែលទឹកជាញឹកញាប់នៅឆ្នេរសមុទ្រនេះ។

ត្រីបបែលជាទូទៅត្រូវបានគេឃើញនៅក្នុងទឹកតំបន់ត្រូពិក វាជាត្រីដែលសំប៉ែត រូបរាងដូចពេជ្រដែលកម្រនឹងវាយប្រហារមនុស្ស។

ប៉ុន្តែធ្មុងរបស់ពួកវានៅចុងកន្ទុយពោពេញដោយពិសដែលពួកវាប្រើដើម្បីការពារខ្លួននៅពេលមានការគំរាមកំហែង។

អ្នកជំនាញបាននិយាយថាការរងរបួសភាគច្រើនកើតចេញពីមនុស្សដែលជាន់លើពួកវាក្នុងទឹករាក់ហើយមុតធ្មុងរបស់ពួកវានៅត្រង់ជើង៕