UNHCR: ចំនួនជនចំណាកស្រុកស្លាប់ដោយសារការលិចនាវាកើនឡើង

40

អង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនហៅកាត់ UNHCR និយាយថាចំនួនអ្នកស្លាប់ពីការលិចនាវាដឹកជនចំណាកស្រុកទៅប្រទេសទុយនេស៊ីកាលពីចុងសប្ដាហ៍បានកើនឡើងយ៉ាងហោចណាស់ 52 នាក់និង 60 នាក់ទៀតកំពុងបាត់ខ្លួន។

នាវាដែលផ្ទុកជនចំណាកស្រុកមកពីប្រទេសអាហ្វ្រិកបានលិចនៅមហារសុទ្រមេឌីទែរ៉ាណេកាលពីរាត្រីថ្ងៃសៅរ៍។

កាលពីថ្ងៃអង្គារ អ្នកនាំពាក្យរបស់ឧត្តមស្នងការជាន់ខ្ពស់ទទួលបន្ទុកជនភៀសខ្លួនបាននិយាយថាប្រតិបត្តិការជួយសង្គ្រោះត្រូវបានផ្អាកដោយសារអាកាសធាតុមិនល្អ។ លោកបន្ថែមថាចំនួនអ្នកស្លាប់នឹងកើនឡើង។

អង្គការសហប្រជាជាតិមួយផ្សេងទៀត គឺអង្គការអន្តោប្រវេសន៍អន្តរជាតិបានប៉ាន់ប្រមាណថាចំនួនអ្នកស្លាប់នៅថ្ងៃអង្គារមានចំនួន 60 នាក់ ដោយមានអ្នកខ្លះទៀតបាត់ខ្លួន។

ជនចំណាកស្រុកនិងជនភៀសខ្លួនដែលព្យាយាមឆ្លងកាត់សមុទ្រដើម្បីឈានទៅដល់ទ្វីបអឺរ៉ុបបានចាប់ផ្តើមកើនឡើងនៅឆ្នាំ2015 ដែលជំរុញឱ្យមានការបង្ក្រាបអ្នករត់ពន្ធមនុស្សនិងវិធានការផ្សេងទៀត។

ប៉ុន្តែវិធានការនេះមិនបានបញ្ឈប់ជនចំណាកស្រុកពីការទទួលយកហានិភ័យនោះទេ។ អង្គការ IOM បាននិយាយថាចំនួនមនុស្សស្លាប់សរុប 785 នាក់ត្រូវបានគេរាយការណ៍នៅឆ្នាំនេះនៅក្នុងមហារសមុទ្រមេឌីទែរ៉ាណេកាលពីថ្ងៃទី3 ខែមិថុនា៕