UNDP ចុះអនុស្សរណៈជាមួយក្រុមហ៊ុនវើលប្រ៊ីដដើម្បីផ្តល់ការគាំទ្រលើគម្រោងស្នាក់នៅតម្លៃសមរម្យ

34

ភ្នំពេញ៖ UNDP ចុះអនុស្សរណៈ ជាមួយក្រុមហ៊ុនវើលប្រ៊ីដ ដើម្បីគាំទ្រគម្រោងលំនៅដ្ឋានតម្លៃសមរម្យ ថា បានចូលរួមចំណែកក្នុងការជួយពលរដ្ឋដែលមានចំណូលទាប អោយមានលទ្ធភាពទទួលបានលំដ្ឋានស្នាក់នៅមានគុណភាព។លោក និក បេរេសហ្វដ (Nick Beresford) នាយកអង្គការ UNDP ប្រចាំប្រទេសកម្ពុជា លើកឡើងថា ការចុះអនុស្សរណៈ ជាមួយក្រុមហ៊ុនវើលប្រ៊ីដនាពេលនេះ បានឆ្លុំបញ្ជាំងពីភាពជាដៃគូរវាងវិស័យសាធារណៈ និងឯកជន ដែលសំដៅជំរុញការវិនិយោគប្រកបដោយចីរភាព ក្នុងន័យចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ។លោកបន្ថែមថា តាមរយៈកិច្ចព្រមព្រៀងនេះ អង្គការUNDP នឹងធ្វើការសិក្សាវាយតម្លៃទៅលើការកកើតឡើងវិញក្នុងអាជីវកម្ម និងការគាំទ្រផ្នែកហិរញ្ញវត្ថុសម្រាប់គ្រួសារដែលមានចំណូលទាប អោយមានលទ្ធភាពចូលរួមក្នុងគម្រោងអភិវឌ្ឍបណ្ដុំសហគ្រាសធុនតូច និងមធ្យម។
លើកឡើងនៅក្នុងពិធីចុះហត្ថលេខាខាងលើអនុស្សរណៈយោគស្ដីពីកិច្ចសហប្រតិបត្តិការរវាង វិស័យសាធារណៈ និងវិស័យឯកជន ក្រោមការផ្តួចផ្តើមពីអង្គការ UNDP, UNIDO និងក្រុមហ៊ុនវើលប្រ៊ីដ កាលពីចុងសប្ដាហ៍មុននេះ លោកឧកញ៉ា សៀ ឬទ្ធី អគ្គនាយកក្រុមហ៊ុនវើលប្រ៊ីដ បានមានប្រសាសន៍ថា ដើម្បីចូលរួមលើកកម្ពស់ការរស់នៅប្រកបដោយសុវត្ថិភាព និងបរិស្ថានល្អ ក្រុមហ៊ុនវើលប្រ៊ីដ បានបង្កើតអោយមានជាគម្រោងលំនៅឋានក្នុងតម្លៃសមរម្យដល់ប្រជាពលរដ្ឋ និងមន្ត្រីរាជការ ក្នុងតម្លៃចាប់ពី២ម៉ឺនឡើងទៅ។លោកឧកញ៉ាបន្ថែមថា ក្រោយកិច្ចសហការនេះ ក្រុមហ៊ុនវើលប្រ៊ីដ និងទទួលបានជំនាញច្បាស់លាស់ក្នុងការនាំមកនូវផលវិជ្ជមានផ្នែកសង្គម សេដ្ឋកិច្ច និងបរិស្ថាន ដែលធ្វើអោយគម្រោងរបស់យើងអាចផ្តល់ផលប្រយោជន៍កាន់តែច្រើនថែមទៀត ដល់ប្រជាជនកម្ពុជាទូទៅ។គម្រោងលំនៅដ្ឋានតម្លៃសមរម្យ របស់ក្រុមហ៊ុនវើលប្រ៊ីដ មានទីតាំងស្ថិតនៅភូមិកោះគរ ឃុំរកាខ្ពស់ស្រុកស្អាង ខេត្ដកណ្ដាល មានផ្ទះចំនួន ២,២៩៧ល្វែង៕