សមាជិក OPEC នឹងពិភាក្សាអំពីការកើនឡើងនៃទិន្នផល

33

សមាជិករបស់អង្គការនៃប្រទេសនាំប្រេងចេញហៅកាត់ថា OPEC នឹងចាប់ផ្តើមពិភាក្សាគ្នាក្នុងពេលឆាប់ៗថាតើត្រូវបង្កើនទិន្នផលប្រេងឆៅរបស់ពួកគេ ឬយ៉ាងណា។ មតិជាច្រើនត្រូវបានបែងចែកនៅក្នុងអង្គការ OPEC ដែលបានជួបប្រជុំគ្នានៅទីក្រុង Vienna កាលពីថ្ងៃសុក្រ។

តម្លៃប្រេងឆៅបានកើនឡើងខ្ពស់ក្នុងរយៈពេល 3 ឆ្នាំកន្លះ បន្ទាប់ពីអាមេរិកបានប្រកាសអំពីការចាប់ផ្តើមដាក់ទណ្ឌកម្មលើអ៊ីរ៉ង់ជាថ្មីកាលពីខែឧសភា។

អារ៉ាប់ប៊ីសាអូឌីត ដែលជាប្រទេសផលិតប្រេងដ៏ធំបំផុតរបស់អង្គការ OPEC ចង់ទទួលបានកិច្ចព្រមព្រៀងពីសមាជិកដទៃទៀតដើម្បីបង្កើនទិន្នផល។ វាបារម្ភថាប្រសិនបើតម្លៃនៅតែរក្សាការកើនឡើងនោះ ប្រទេសដែលប្រើប្រាស់ច្រើននឹងងាកចេញពីការទិញប្រេងឆៅ។

អ៊ីរ៉ង់ប្រឆាំងនឹងការបង្កើនទិន្នផល។ លោក Bijan Zanganeh រដ្ឋមន្ត្រីប្រេងអ៊ីរ៉ង់បាននិយាយថា “អង្គការ OPEC បានការពារតម្លៃប្រេងឱ្យបានសមស្រប។ ការទទួលខុសត្រូវពិតប្រាកដចំពោះការឡើងថ្លៃប្រេងនាពេលបច្ចុប្បន្នគឺស្ថិតនៅជាមួយប្រធានាធិបតីអាមេរិក”។

នៅក្នុងខែធ្នូឆ្នាំ 2016 សមាជិក OPEC និងក្រុមប្រទេសផលិតប្រេងមិនមែន OPEC រួមទាំងរុស្ស៊ីបានឈានដល់កិច្ចព្រមព្រៀងលើកដំបូងរបស់ខ្លួនក្នុងរយៈពេល 15 ឆ្នាំដើម្បីកាត់បន្ថយផលិតកម្ម។ វិធានការនេះគឺសំដៅបង្កើនតម្លៃ៕