សេដ្ឋកិច្ចប្រេស៊ីលធ្លាក់ចុះក្នុងត្រីមាសទី 1

55

យោងតាមសន្ទស្សន៍សកម្មភាពសេដ្ឋកិច្ចរបស់ធនាគារកណ្តាល (IBC-Br) ដែលបានចេញផ្សាយកាលពីថ្ងៃពុធ បានឱ្យដឹងថាសេដ្ឋកិច្ចប្រេស៊ីលបានធ្លាក់ចុះ 0,13% នៅត្រីមាសទីមួយនៃឆ្នាំនេះ។

IBC-Br ដើរតួជាអ្នកប្រមើលមុននៃតួលេខ GDP ពិតប្រាកដ ហើយផ្អែកលើការប៉ាន់ស្មានដោយធនាគារកណ្តាល។

ខណៈពេលដែលការធ្លាក់ចុះនេះគឺមានចំនួន 0,13% ផ្អែកលើត្រីមាសចុងក្រោយនៃឆ្នាំ 2017 តួលេខនៅតែបង្ហាញពីកំណើន 0,86% ពីមួយឆ្នាំទៅមួយឆ្នាំ។

វានៅតែជាដំណឹងអាក្រក់មួយសម្រាប់ប្រទេសប្រេស៊ីលដែលមិនដែលបានឃើញសេដ្ឋកិច្ចរបស់ខ្លួនធ្លាក់ចុះចាប់តាំងពីត្រីមាសចុងក្រោយនៃឆ្នាំ 2016 នៅពេលវាបានធ្លាក់ចុះត្រឹម 0,78%។

នៅឆ្នាំ 2017 ប្រទេសប្រេស៊ីលបានមើលឃើញពីកំណើន 1% នៃផលិតផលក្នុងស្រុកសរុបដែលបញ្ចប់នូវវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ ដែលបានបង្ហាញពីកំណើនអវិជ្ជមានពីរឆ្នាំជាប់ៗគ្នាចំនួន 3,6%។

តួលេខសម្រាប់ឆ្នាំ 2018 រហូតមកដល់ពេលនេះបង្ហាញពីការអភិវឌ្ឍកាន់តែអាក្រក់ជាងការព្យាករ។

សម្រាប់ពេលនេះ រដ្ឋាភិបាលកំពុងរក្សាការប៉ាន់ស្មាននៃកំណើនផលិតផលក្នុងស្រុកសរុប 3% សម្រាប់ឆ្នាំ 2018 ទោះបីជានេះអាចត្រូវបានកែសម្រួលនៅសប្តាហ៍ក្រោយ នៅពេលដែលតួលេខចំណូលនិងចំណាយសាធារណៈត្រូវបានប្រកាស។

ដោយសារតែសូចនាករកាន់តែអាក្រក់ទៅៗ អ្នកវិភាគហិរញ្ញវត្ថុនៅប្រទេសប្រេស៊ីលកាលពីថ្ងៃចន្ទបានទម្លាក់ការព្យាកររបស់ខ្លួនសម្រាប់ឆ្នាំ 2018 ពី 2,7% មកត្រឹម 2,51%។

IBC-BR ប្រមូលព័ត៌មានអំពីឧស្សាហកម្ម ពាណិជ្ជកម្ម សេវាកម្ម និងកសិកម្ម។ ទោះបីជាយ៉ាងណាក៏ដោយ ក្រុមអ្នកវិភាគបានព្រមានថាតួលេខរបស់ IBC-Br មិនគួរត្រូវបានគេយកជាការពិតដ៏ប្រាកដប្រជានោះទេ ព្រោះវាមិនស្របគ្នាជាមួយតួលេខសេដ្ឋកិច្ចផ្លូវការពីវិទ្យាស្ថានភូមិសាស្ត្រនិងស្ថិតិប្រេស៊ីល (IBGE)។

IBGE នឹងចេញផ្សាយតួលេខផលិតផលក្នុងស្រុកសរុបរបស់ខ្លួនពីត្រីមាសទី 1 នៅថ្ងៃទី 30 ខែឧសភា៕