WTO: សហភាពអឺរ៉ុបបរាជ័យក្នុងការបញ្ឈប់ឧបត្ថម្ភធនដល់ក្រុមហ៊ុន Airbus

42

អង្គការពាណិជ្ជកម្មពិភពលោក (WTO) បានលើកឡើងពីការអះអាងរបស់សហរដ្ឋអាមេរិកថាសហភាពអឺរ៉ុបបានបន្តផ្តល់ឧបត្ថម្ភធនខុសច្បាប់ដល់ក្រុមហ៊ុន Airbus ដែលជាក្រុមហ៊ុនផលិតយន្តហោះមានមូលដ្ឋាននៅប្រទេសបារាំង។

សហរដ្ឋអាមេរិកបានយកករណីនេះទៅកាន់ WTO នៅឆ្នាំ 2004។ ក្រុងវ៉ាស៊ីនតោនបានចោទថាការឧបត្ថម្ភធនរបស់សហភាពអឺរ៉ុបបានធ្វើឱ្យខូចខាតដល់ការលក់របស់ក្រុមហ៊ុនផលិតយន្តហោះ Boeing របស់សហរដ្ឋអាមេរិក។

អង្គការពាណិជ្ជកម្មពិភពលោកបានសម្រេចចិត្តគាំទ្រសហរដ្ឋអាមេរិកនៅក្នុងឆ្នាំ 2011 ហើយបានប្រាប់សហភាពអឺរ៉ុបឱ្យឈប់ផ្តល់ការឧបត្ថម្ភធន។ ប៉ុន្តែក្រោយមកសហរដ្ឋអាមេរិកបានអះអាងថាសហភាពអឺរ៉ុបបានបរាជ័យក្នុងការអនុលោមតាមសេចក្តីសម្រេច ហើយម្តងទៀតបានស្នើសុំឱ្យ WTO ធ្វើអន្តរាគមន៍។

តំណាងពាណិជ្ជកម្មអាមេរិក លោក Robert Lighthizer បានចេញសេចក្តីថ្លែងការណ៍មួយបន្ទាប់ពីមានសេចក្តីសម្រេចរបស់ WTO កាលពីថ្ងៃអង្គារ។

លោកបាននិយាយថា ប្រសិនបើសហភាពអ៊ឺរ៉ុបមិនចាត់វិធានការបញ្ឈប់ការរំលោភបំពានច្បាប់និងបំផ្លាញផលប្រយោជន៍របស់សហរដ្ឋអាមេរិក សហរដ្ឋអាមេរិកនឹងចាត់វិធានការប្រឆាំងនឹងផលិតផលរបស់សហភាពអឺរ៉ុប។

ដោយឡែកពីគ្នានោះ WTO ក៏ត្រូវសម្រេចលើការអះអាងរបស់សហភាពអឺរ៉ុបដែលថាក្រុងវ៉ាស៊ីនតោនកំពុងផ្តល់ការគាំទ្រហិរញ្ញប្បទានខុសច្បាប់ដល់ក្រុមហ៊ុន Boeing៕