វៀតណាម បានទទួលប្រាក់ចំណូលពីការនាំចេញផលិតផលសម្រេចនៃគ្រាប់ស្វាយចន្ទី ៣,៥២ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ២០១៧ កើនឡើង ២៣,៨ភាគរយ បើធៀបនឹងឆ្នាំ២០១៦។ នេះបើយោងតាមសារព័ត៌មាន Vietnam News ចុះផ្សាយថ្ងៃទី៩ មករា ២០១៨។
បើគិតបរិមាណនៃការនាំចេញ គឺ ៣៥,៣ម៉ឺនតោន កើនឡើង ១,៩ភាគរយ។ មូលហេតុដែលធ្វើឲ្យប្រាក់ចំណូលកើនឡើងច្រើនជាងបរិមាណ គឺដោយសារតម្លៃជាមធ្យមនៃផលិតផលគ្រាប់ស្វាយចន្ទី បានកើនឡើង ២២ភាគរយ (តម្រូវការកើនឡើង តែការផ្គត់ផ្គង់បានធ្លាក់ចុះនៅប្រទេសជាច្រើន)។ ទីផ្សារធំបំផុតនៃគ្រាប់ស្វាយចន្ទីវៀតណាម គឺសហរដ្ឋអាមេរិក (៣៥%) ហូឡង់ (១៥,៦%) និងចិន (១២,៩%)។ ចំណែកទីផ្សារជាច្រើនទៀត ក៏បន្តកើនឡើងគួរឲ្យកត់សម្គាល់ផងដែរ ដូចជា រុស្ស៊ី (កើនឡើង ៥៦,៣%) ថៃ (កើនឡើង ៤១,៤%) និងចក្រភពអង់គ្លេស (កើនឡើង ២៤,៨%)។
សមាគមន៍គ្រាប់ស្វាយចន្ទីវៀតណាម រំពឹងថាតម្រូវការនៃផលិតផលគ្រាប់ស្វាយចន្ទី នឹងបន្តកើនឡើងថែមទៀតនាឆ្នាំ២០១៨។ សមាគមនេះបញ្ជាក់ថា ក្រុមហ៊ុនកែឆ្នៃគ្រាប់ស្វាយចន្ទីវៀតណាម ចាំបាច់ត្រូវបន្តបង្កើនគុណភាព បង្កើនការផ្សព្វផ្សាយ ធ្វើយ៉ាងណាអាចរក្សាកេរ្តិ៍ឈ្មោះល្អនៅលើទីផ្សារសាកល។
គួរបញ្ជាក់ថា ទោះបីជាបច្ចុប្បន្នវៀតណាមជាប្រទេសដែលផលិត និងនាំចេញគ្រាប់ស្វាយចន្ទីធំបំផុតក្នុងលោក ប៉ុន្តែស្វាយចន្ទីដែលដាំក្នុងស្រុក គឺអាចផ្គត់ផ្គង់បានតែ ២០ ទៅ ៣៥ ភាគរយប៉ុណ្ណោះ។ ដើម្បីផ្គត់ផ្គង់ទីផ្សារនាំចេញ ក្រុមហ៊ុនផលិតគ្រាប់ស្វាយចន្ទីវៀតណាម បាននាំចូលគ្រាប់ស្វាយចន្ទីឆៅ ១,២លានតោន រយៈពេល ១១ខែ ក្នុងឆ្នាំ២០១៧ (ភាគច្រើនពីប្រទេសនៅអាហ្រ្វិក)៕