ក្រុមហ៊ុន McDonald’s ឈប់ផ្តល់ទុយោប្លាស្ទីកតាមបណ្តាភោជនីយដ្ឋានរបស់ខ្លួន

52

ក្រុមហ៊ុន McDonald’s បានប្រកាសថាខ្លួននឹងបញ្ឈប់ការផ្តល់ទុយោប្លាស្ទីកនៅក្នុងភោជនីយដ្ឋានទាំងអស់របស់ខ្លួននៅក្នុងប្រទេសអង់គ្លេសនិងអៀរឡង់។ ការព្រួយបារម្ភបានកើនឡើងពីការបំពុលដោយកាកសំណល់ប្លាស្ទីកនៅមហាសមុទ្រ។

ក្រុមហ៊ុនហ៊ែមប៊ឺហ្គ័រនាំមុខគេរបស់សហរដ្ឋអាមេរិកបាននិយាយកាលពីថ្ងៃសុក្រថាខ្លួននឹងចាប់ផ្តើមប្រើប្រាស់ទុយោក្រដាសនៅក្នុងភោជនីយដ្ឋានចំនួន 1,361 កន្លែងនៅក្នុងចក្រភពអង់គ្លេសនិងអៀរឡង់នៅខែកញ្ញា ហើយបញ្ចប់ការផ្លាស់ប្តូរនៅឆ្នាំក្រោយ។

ក្រុហ៊ុន McDonald’s ក៏គ្រោងនឹងធ្វើតេស្តជំនួសឱ្យទុយោប្លាស្ទិកនៅក្នុងសហរដ្ឋអាមេរិកដែលជាទីផ្សារដ៏ធំបំផុតនៃខ្សែសង្វាក់អាជីវកម្មនេះជាមួយនឹងភោជនីយដ្ឋានប្រហែល 14,000 កន្លែងក៏ដូចជានៅប្រទេសបារាំង អូស្រ្តាលី និងបណ្តាប្រទេសដទៃទៀត។

នៅប្រទេសម៉ាឡេស៊ីវានឹងផ្តល់ជូននូវទុយោតែតាមការស្នើសុំប៉ុណ្ណោះ។

កាលពីខែមុនក្រុមហ៊ុន McDonald បានច្រានចោលសំណើមួយដើម្បីបោះបង់ទុយោផ្លាស្ទីកនៅក្នុងកិច្ចប្រជុំម្ចាស់ភាគហ៊ុនមួយ។

ការប្រកាសពីថ្ងៃសុក្រគឺជាក់ស្តែងជាប្រតិកម្មតបទៅនឹងសម្ពាធនៅទូទាំងពិភពលោកដើម្បីដោះស្រាយបញ្ហានៃទុយោប្លាស្ទីកដែលតូចពេកសម្រាប់ការកែច្នៃឡើងវិញ៕