រុស្ស៊ីនិងឥណ្ឌាព្រមព្រៀងពង្រឹងចំណងទំនាក់ទំនងសេដ្ឋកិច្ច

32

ប្រទេសរុស្ស៊ីនិងឥណ្ឌាបានព្រមព្រៀងគ្នាពង្រឹងចំណងទាក់ទងសេដ្ឋកិច្ចនិងសន្តិសុខខណៈដែលកំពុងបង្កើនទំនាក់ទំនងជិតស្និទ្ធលើវិស័យផ្សេងៗទៀត។

កិច្ចព្រមព្រៀងនេះបានធ្វើឡើងនៅក្នុងកិច្ចប្រជុំកំពូលមួយរវាងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin និងនាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi នៅក្នុងទីក្រុង Sochi ភាគខាងត្បូងប្រទេសរុស្ស៊ីកាលពីថ្ងៃចន្ទ។

រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov បាននិយាយថាមេដឹកនាំទាំងពីរបានព្រមព្រៀងថាស្ថាបត្យកម្មថ្មីនៃសន្តិសុខនិងកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកគួរតែផ្អែកលើគោលការណ៍មិនបែងចែកប្លុក ការបើកចំហ និងសន្តិសុខដែលមិនអាចបំបែកបាន។

ចំពោះផ្នែកសេដ្ឋកិច្ច លោក Lavrov បាននិយាយថាលោក Putin និងលោក  Modi បានព្រមព្រៀងគ្នាបើកការចរចារជាមួយទស្សនៈមួយ ដើម្បីបង្កើតតំបន់ពាណិជ្ជកម្មសេរីមួយនៃសហភាពសេដ្ឋកិច្ចអ៊ុយរ៉ាសៀ (Eurasian Economic Union) ឬ EAEU និងឥណ្ឌានៅរដូវស្លឹកឈើជ្រុះនេះ។

EAEU គឺសហភាពសេដ្ឋកិច្ចដឹកនាំដោយរុស្ស៊ីដែលជាអតីតសាធារណរដ្ឋសូវៀត។

ប្រទេសរុស្ស៊ីត្រូវបានគេសម្លឹងឃើញថានឹងបង្កើនចំណងទំនាក់ទំនងជាមួយប្រជាជាតិអាស៊ីចាប់តាំងពីទំនាក់ទំនងរបស់ខ្លួនជាមួយប្រទេសលោកខាងលិចមានភាពល្អក់កករជុំវិញស្ថានភាពនៅអ៊ុយក្រែននិងស៊ីរី។

វាក៏ទំនងជាមានបំណងជំរុញអោយមានទំនាក់ទំនងជិតស្និទ្ធជាមួយឥណ្ឌាដើម្បីកាត់បន្ថយការពឹងផ្អែកសេដ្ឋកិច្ចរបស់ខ្លួនលើប្រទេសចិន។

ប្រទេសឥណ្ឌាកំពុងចាត់វិធានការផ្នែកការទូតដែលមានតុល្យភាពក្នុងគោលបំណងដើម្បីរក្សាទំនាក់ទំនងជាមួយរុស្ស៊ី ខណៈដែលកំពុងស្វែងរកកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធជាមួយសហរដ្ឋអាមេរិកក្នុងវិស័យសន្តិសុខនិងពាណិជ្ជកម្ម៕