ចៅអធិការ គណៈកម្មធិការវត្តច័ន្ទសុរិយាក្រឡាញ់ បំភ្លឺថា មិនបានយកដីវត្តពុះឡូតិ៍លក់ ដូចការចោទប្រកាន់នោះទេ!

18

 

ខេត្តកំពង់ឆ្នាំង៖ អាជ្ញាធរ ប្រជាពលរដ្ឋ គណៈកម្មការអាចារ្យវត្ត រួមជាមួយពុទ្ធបរិស័ទជិតឆ្ងាយ នៃវត្តច័ន្ទសុរិយាក្រឡាញ់(ហៅវត្តក្រឡាញ់) ដែលមានទីតាំងស្ថិតក្នុងឃុំអូរឬស្សី ស្រុកកំពង់ត្រឡាច សូមធ្វើការបដិសាធ និងច្រានចោលទាំងស្រុង ចំពោះបុគ្គលមួយចំនួន ដែលចោទប្រកាន់ថាចៅអធិការ គណៈកម្មធិការវត្តបានយកដីវត្តពុះឡូតិ៍លក់។

ការលើកឡើងដូចនេះក្នុងការចុះអធិការកិច្ច ពីអាជ្ញាធរ បន្ទាប់ពីមានបុគ្គលប្រជាពលរដ្ឋមួយក្តាប់តូច ធ្វើការចោទប្រកាន់មកលើ ព្រះចៅអធិការ គណៈកម្មធិការវត្តច័ន្ទសុរិយាក្រឡាញ់ថាបានយកដីវត្តពុះឡូតិ៍លក់ ទាំងមិនមានមូលដ្ឋានច្បាស់លាស់។

លោកជា វណ្ណា មេឃុំអូរឬស្សី និងលោកមេភូមិក្រឡាញ់ បានរៀបរាប់ឲ្យដឹងនាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ ថាក្នុងនាមលោកជាអាជ្ញាធរមូលដ្ឋាន និងជាតំណាងឲ្យប្រជាពលរដ្ឋជាច្រើនរូបនៅទីនេះ សូមអះអាងថា ពុំមានការទិញលក់ដី ក្នុងទីអារាមវត្តច័ន្ទសុរិយាក្រឡាញ់ ដូចការចោទប្រកាន់របស់បុគ្គលមួយចំនួននោះឡើយ។ ក្នុងនោះលោកបញ្ជាក់បន្ថែមថា ចំពោះការដាំបង្គោលរបងតូចៗនោះគឺម្ចាស់គេពីមុនកំណត់ចំណាំព្រុំដី សម្រាប់បញ្ចុះសព ឬធ្វើចិតិយផ្សេងៗឲ្យមានរបៀបរៀបរយ ស្របតាមការណែនាំ របស់ព្រះចៅអធិការវត្ត គណៈកម្មាធិការតែប៉ុណ្ណោះ ពុំមានការកំណត់ពុះឡូតិ៍នោះទេ។ ចំពោះការលក់ដីក៏គ្មានដែរ មានតែការចូលរួមកសាងជាស៊ីម៉ងតិ៍ និងសមទ្ធិផលផ្សេងៗគឺជាសទ្ធារបស់ពុទ្ធបរិស័ទសម្រាប់កសាងតែប៉ុណ្ណោះ បើសិនជាមានការលក់ដូរមែននោះ ប្រាកដជាមានឯកសារពាក់ព័ន្ធផ្សេងៗ ដើម្បីឲ្យលោកដឹងលឺជាក់ជាមិនខាន។

ផ្ទុយទៅវិញក្រោមការគ្រប់គ្រងរបស់ ព្រះតេគុណ ឆៃ សៅ ជាអធិការវត្តច័ន្ទសុរិយាក្រឡាញ់រយៈពេលកន្លងមកនេះ ទទួលការគាំទ្រ! និងមានការចូលរួមកសាងសមទ្ធិផលនានា ពីសំណាក់ប្រជាពុទ្ធបរិស័ទ យ៉ាងផុសផុលផងដែរ។

ព្រះតេគុណឆៃ សៅ ចៅអធិការវត្តច័ន្ទសុរិយាក្រឡាញ់ បានមានសង្ឈដីកាឲ្យដឹងថា៖ ព័ត៌មានខាងលើនេះវាមិនមែនជាការពិតនោះទេ ព្រះអង្គសូមច្រានចោល ក្នុងការចោទប្រកាន់នេះទាំងស្រុង។ ព្រះអង្គមានសង្ឃដីកាបន្តថា កន្លងមកមានអ្នកដាក់ម៉ុង និងចិយតី ដាក់បច្ច័យប្រគេនដែរ ប៉ុន្តែអាត្មាមិនទទួលឡើយ មានតែពន្យល់ថា សូមរៀបចំធ្វើបុណ្យជូនឪពុកម្តាយឲ្យរួចរាល់សិនចុះ បើមានចំណូលសទ្ធាបច្ច័យកសាងក៏ប្រគេនចុះ ប៉ុន្តែបើមិនមានទេក៏មិនអីដែរ។

ពាក់ព័ន្ធព័ត៌មានខាងលើនេះពុំអាចសុំការបំភ្លឺពីលោកស លាង មន្ទីរធម្មការ សាសនា ខេត្តកំពង់ឆ្នាំងបានឡើយ ដោយព្យាយាមទំនាក់ទំនងតាមប្រព័ន្ធតេឡេក្រាម មិនឆ្លើយតប៕