អភិបាលស្រុកស្ទោង អញ្ជើញប្រគល់ផ្ទះថ្មីជូនគ្រួសារដែលត្រូវអគ្គីភ័យឆេះផ្ទះកាលពីខែមុន

17

(កំពង់ធំ)÷ នៅរសៀលថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង និងសហការីព្រមទាំងព្រះមន្ត្រីសង្ឃស្រុកស្ទោង បានអញ្ជើញនិងនិមន្តប្រគល់ផ្ទះថ្មី០១ខ្នងជូនគ្រួសារ ដែលរងគ្រោះដោយសារអគ្គីភ័យកាលពីខែមីនាកន្លងទៅនៅភូមិត្រពាំងជ័រ ឃុំចំណាលើ ស្រុកស្ទោង ខេត្តកំពង់ធំ។

ជាមួយគ្នានេះលោកអភិបាលស្រុកស្ទោង បានណែនាំដល់អាជ្ញាធរមូលដ្ឋានភូមិ/ឃុំ និងគ្រប់អ្នកពាក់ព័ន្ធត្រូវយកចិត្តទុកដាក់ខ្ពស់ដល់សុខទុក្ខ សុខុមាលភាព ជីវភាព គ្រួសារដែលបានរងគ្រោះដោយឧបទ្ទវហេតុ ផ្សេងៗ ជាពិសេសអ្នកដែលរងគ្រោះដោយសារអគ្គីភ័យឆេះផ្ទះសំបែង ត្រូវនាំគ្នាជួយសង្គ្រោះឲ្យបានទាន់ពេលវេលា។

លើសពីនេះលោក សាយ គឹមឡម បានណែនាំដល់មន្ត្រីជំនាញក្រោមឱវាទដូចជាសុរិយោដី អត្រានុកូលដ្ឋាន សុខុមាលភាពសង្គម ត្រូវប្រញាប់ប្រញាល់ ធ្វើឯកសារពាក់ព័ន្ធនានា ដែលបានឆេះបាត់ជាមួយភ្លើងជូនគាត់ឡើងវិញឲ្យបានឆាប់បំផុតដើម្បីបានប្រើប្រាសឡើងវីញតាមតម្រូវការជាក់ស្តែង។

ជាមួយគ្នានេះលោកតា គួន ដែក និងលោកយាយ ទុំ នឿន  ដែលទទួលបានផ្ទះថ្មីនៅពេលនេះ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោក សាយ គឹមឡម និងសហការី ព្រមទាំងព្រះមន្ត្រីសង្ឃ ស្រុក  និងសប្បុរសជន ដែលបានមកសួរសុខទុក្ខ និងធ្វើផ្ទះជូនគាត់នៅក្នុងរដូវការឆ្នាំថ្មីនេះ ដើម្បីបានជ្រកកោន ឡើងវិញ។

សូមបញ្ជាក់ផងដែរថា ផ្ទះដែលប្រគល់ជូននៅពេលនេះមានទំហំ៤ម៉ែត្រ×៥ម៉ែត្រ ធ្វើពីឈើប្រក់ និងជញ្ជាំងសង្កសី ដែលជាអំណោយផ្ទាល់របស់លោក សាយ គឹមឡម អភិបាលស្រុកស្ទោង សប្បុរសជន និងមានជូននូវគ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ ព្រមទាំងថវិកាចំនួន  ៤៥០.០០០រៀលផងដែរ។