ត្រាក់ទ័រ(២)គ្រឿងឈូសឆាយដីមាត់អូរគ្មានច្បាប់អនុញ្ញាត ត្រូវបានកម្លាំងរាជអាវុធហត្ថបង្ក្រាប

56

 

ខេត្តកំពង់ធំ៖ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ធំ សហការជាមួយកម្លាំងជំនាញរដ្ឋបាលព្រៃឈើទំរីង ប្រតិបត្តិបង្ក្រាបត្រាក់ទ័រ(២)គ្រឿងឈូសឆាយដីមាត់អូរគ្មានច្បាប់អនុញ្ញាត។ប្រតិបត្តិការបង្ក្រាបនេះនៅម៉ោងប្រមាណ១២និង៤១នាទីថ្ងៃទី២៣ ខែមេសា ឆ្នាំ ២០២៤ ស្ថិតនៅភូមិជាំស្វាយ ឃុំមានរិទ្ធិ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ។

ប្រភពសមត្ថកិច្ចឲ្យដឹងនាព្រឹកថ្ងៃទី២៥ ខែមេសា នេះថា ដោយមានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋថាមានគ្រឿងចក្រជាច្រើនគ្រឿងកំពុងធ្វើសកម្មភាព ឈូសឆាយរុករាន ទន្ទ្រានដីព្រៃ ជាច្រើនហិចតានៅចំណុចខាងលើ។ សមត្ថកិច្ចយើងបានចុះអនុវត្តផ្ទាល់ ជាក់ស្តែងឃាត់បានត្រាក់ទ័រម៉ាក”គូប៊ូតាM៦០៤០MU” ពណ៌ក្រហម ចំនួន២គ្រឿង កំពុងធ្វើសកម្មភាព ភ្ជួរ ឈូសឆាយ ដីជ្រាប់ចាស់ចំនុច(៤៨P{៥៤៦០៨៤ ៨៤១៤៤៧០១៦) តំបន់អូរបោះស្រល់  ស្ថិតនៅ ភូមិជាំស្វាយ ឃុំមានរិទ្ធិ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចមិនបានបញ្ជាក់ពីការឃាត់ខ្លួនជនសង្ស័យឡើយ ដោយឡែកលោកអ៊ា គឹមឈៀត នាយសង្កាត់ រដ្ឋបាលព្រៃឈើទំរីង បានបញ្ជាក់ថា ត្រាក់ទ័រ(២) គ្រឿង ធ្វើសកម្មភាព ភ្ជួរ ឈូសឆាយ ដីមាត់អូរខាងលើ គ្មាន ច្បាប់អនុញ្ញាតនោះទេ។បច្ចុប្បន្ន វត្ថុតាង យកមករក្សាទុក នៅសង្កាត់រដ្ឋបាលព្រៃឈើទំរីង ដើម្បីចាត់ការ តាមនីតិវិធី។