ស្រូវជាង២៦០ហិកតា ក្នុងស្រុកជលគីរី កំពុងខ្វះខាតទឹក ខូចខាតស្ទើទាំងស្រុង ប្រជាពលរដ្ឋស្នើថ្នាក់ដឹកនាំជួយអន្តរាគមន៍

58

 

ខេត្តកំពង់ឆ្នាំង ៖ ដំណាំស្រូវ របស់បងប្អូនប្រជាពលរដ្ឋ ស្ថិតក្នុងភូមិព្រែកឆ្តោ ឃុំកំពង់អុស ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង កំពុងរង់ការខូចខាតយ៉ាងធ្ងន់ធ្ងរ ដោយសារខ្វះទឹក ពេលនេះប្រជាពលរដ្ឋសំណូមពរ អាជ្ញាធរ ថ្នាក់ដឹកនាំ មន្ទីរពាក់ព័ន្ធ ខេត្តមេតា្តជួយអន្តរាគមន៍សង្គ្រោះបន្ទាន់ ពុំនោះទេនឹងឈានដល់ការខូចខាតទាំងស្រុង។

លោក កុយ តេង មេឃុំកំពង់អុស បានឲ្យដឹងថា នៅពេលនេះប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់គាត់ជួបប្រទះបញ្ហាប្រឈម ត្រូវជួយរកដំណោះស្រាយ ដោយសារតែពួកគាត់ពឹងផ្អែកទៅលើទឹកបឹងឬ ព្រែក ដើម្បីអាស្រ័យផល ប៉ុន្តែឆ្នាំនេះជួបគ្រោះរាំងស្ងួតខុសធម្មតា បណ្តាលឲ្យទឹកបឹង ព្រែកមានការរីងហួតខ្វះខាតទឹក សម្រាប់ស្រោចស្របដំណាំស្រូវរបស់ពួកគាត់ដែលមានចំនួនជាង២៦០ហិកតា នៅចំណុចភូមិឃុំ ខាងលើ និងការប្រើប្រាស់ដី២០០ទៅ៣០០ហិកតាទៀតពួកគាត់ប្រមូលផលបានខ្លះ។

លោកមេឃុំបន្តថា ព្រែកនេះពីដើមគឺជាព្រែកឡូនេសាទ ប៉ុន្តែបច្ចុប្បន្នជាផ្លូវចរាចរ ចេញចូលផង ហើយអ្វីដែលសំខាន់ក៏ជាប្រឡាយ សម្រាប់ប្រជាកសិករយកទឹកពីតំបន់នេះស្រោចស្របដំណាំផ្សេងៗផងដែរ ក្រោយដំណាំទាំងនោះមិនអំណោយផង ពួកគាត់ងាកមកដាំដំណាំស្រូវវិញ។

ដោយសារបច្ចុប្បន្នការខ្វះខាតនេះ តាមប្រភពព័ត៌មានមិនមែនមានតែក្នុងឃុំកំពង់អុសមួយនោះទេ ក្នុងនោះមានភូមិដូនវៀត ភូមិកោះក្អែក ឃុំកំពុងហៅ ក្នុងស្រុកកំពង់លែងក៏មកចូលរួមប្រើប្រាស់ទឹកព្រែកនៅទីនេះដែរដូច្នេះមានការខ្វះខាតច្រើន។ ហេតុដូចនេះហើយក្នុងនាមរូបលោកជាមេឃុំ តំណាងឲ្យប្រជាពលរដ្ឋក្នុងឃុំកំពង់អុសទាំងមូល អំពាវនាវសូមឲ្យមន្ទីរ ក្រសួងពាក់ព័ន្ធ ជាពិសេសឯកឩត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង លោកអភិបាលស្រុក ជួយអន្តរាគមន៍កិច្ចការនេះ ដើម្បីសង្គ្រោះស្រូវប្រជាពលរដ្ឋបន្ទាន់ ដែលកំពុងជួបការខ្វះខាតទឹកជាចាំបាច់ហើយបន្ថែមពីនោះពួកគាត់ សំណូមពរឲ្យមានការ ស្តារព្រែក អោយបានជ្រៅជាងនេះ ដើម្បីរក្សាទឹកទុកផ្គត់ផ្គង់បានគ្រប់គ្រាន់ ដោយក្តីអនុគ្រោះ៕