ខេត្តកំពង់ឆ្នាំង៖ ប្រជាពលរដ្ឋឃុំពាមឆ្កោក ស្រុកជលគីរី ក្នុងខេត្តកំពង់ឆ្នាំង ស្ម័គ្រចិត្តប្រគល់អាំងវែទ័រឆក់ត្រីចំនួន២៥ គ្រឿងជូនសមត្ថកិច្ច ដើម្បីចូលរួមការអនុវត្តច្បាប់ស្តីពីជលផល។
សកម្មភាពប្រគល់ជូននេះ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ នៅសាលាឃុំពាមឆ្កោក ដឹកនាំដោយលោក លីឡា នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង ដោយមានការចូលរួមពី ឯកឧត្តម ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារអមសាលាដំបូងខេត្តកំពង់ឆ្នាំង លោក ដូវ គឹមស៊ីន អភិបាលស្រុកជលគីរី រួមនឹង អាជ្ញាធរឃុំពាមឆ្កោក ប៉ុស្តិនគរបាលរដ្ឋបាលឃុំ និងប្រជានេសាទចំនួន៦១នាក់ បានប្រជុំផ្សព្វផ្សាយច្បាប់ស្តីពីជលផល ជាពិសេសបានចលនាឲ្យប្រជានេសាទដែលប្រើឧបករណ៍ឆក់ត្រីបញ្ឈប់សកម្មភាពនេះជាបន្ទាន់ ហើយស្ម័គ្រចិត្តប្រគល់ឧបករណ៍ឆក់ត្រីជូនសមត្ថកិច្ច ដើម្បីរួចផុតពីការអនុវត្តច្បាប់។
លោកលី ឡា នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង បញ្ជាក់បន្ថែមថា៖ការផ្សព្វផ្សាយច្បាប់ស្តីពីជលផលនេះ នឹងបន្តធ្វើនៅតាមបណ្តាមូលដ្ឋានស្រុក ជាទិសដៅរបស់រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ឯកឩត្តមឌិត ទីណា ហើយនិងឯកឩត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាលខេត្តកំពង់ឆ្នាំង និងជាប្រធានគណៈបញ្ជាការខេត្ត ជំរុញធ្វើការផ្សព្វផ្សាយ និងលើការចលនាឲ្យអ្នកនេសាទ លប់បំបាត់ទាំងស្រុងក្នុងការប្រើប្រាស់ឧបករណ៍ឆក់ត្រី ក្នុងខេត្តកំពង់ឆ្នាំង។
ជាការឆ្លើយតបចំពោះការចូលរួមរបស់ប្រជានេសាទ ឯកឧត្ដម ព្រះរាជអាជ្ញា បានចែកជូនសារ៉ុងម្នាក់១ដល់ប្រជានេសាទ ដែលជាអំណោយលើកទឹកចិត្ត របស់ឯកឧត្ដម អភិបាលខេត្តកំពង់ឆ្នាំង ក្នុងការចូលរួមលុបបំបាត់ការប្រើប្រាស់ឧបករណ៍ឆក់ត្រីនេះ៕