អភិបាលខេត្តកំពង់ឆ្នាំងដឹកនាំក្រុមការងារចម្រុះ ទំនាក់ទំនងអាជ្ញាធរខេត្តកំពង់ធំ ស្នើជួយបង្ហូរទឹកទម្លាក់ស្រោចស្រពសង្រ្គោះស្រូវប្រជាកសិករ កំពុងតែជួបប្រទះបញ្ហាខ្វះទឹក

19

 

ខេត្តកំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី៧ ខែមិនា ឆ្នាំ២០២៤ នេះ! ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង អមដំណើរដោយឯកឧត្តម សាន់ យូ អភិបាលរងខេត្ត បានដឹកនាំក្រុមការងារចម្រុះចុះពិនិត្យស្ថានភាពទឹកនៅតំបន់់ទំនប់៧មករា ឃុំព្នៅ ស្រុកសន្ទុក និងទំនប់កងមាស ស្ទឹងជីនិត ភូមិស្នោរ ឃុំកំពង់ថ្ម ខេត្តកំពង់ធំ ដោយបានជួបពិភាក្សាជាមួយក្រុមការងារចម្រុះខេត្តកំពង់ធំ ដឹកនាំដោយលោក ព្រីម រដ្ឋា អភិបាលរងខេត្ត ដើម្បីរកដំណោះស្រាយ និងស្នើជួយបង្ហូរទឹកទម្លាក់តាមស្ទឹងជីនិត ឆ្ពោះទៅទំនប់កោះបូ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ស្រោចស្រពសង្រ្គោះស្រូវប្រជាកសិករ ដែលកំពុងតែជួបប្រទះបញ្ហាខ្វះទឹក នៅរដូវប្រាំងនេះ។

ដោយដំណើរបេសកកម្មនេះ! បញ្ជាក់ឲ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់ ពីសំណាក់ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង និងមន្ទីរជំនាញពាក់ព័ន្ធ ចំពោះប្រជាពលរដ្ឋក្នុងការស្វះស្វែងទំនាក់ទំនង ដើម្បីរកប្រភពទឹកបន្ទាន់ជួយសង្គ្រោះស្រូវប្រាំងរបស់ប្រជាកសិករ ដែលកំពុងតែខ្វះខាតទឹកសម្រាប់ស្រោចស្រប។ ក្នុងនោះឯកឧត្តមអភិបាលខេត្តកំពង់ឆ្នាំង បានថ្លែងអំណរគុណដល់អាជ្ញាធរខេត្តកំពង់ធំ ដែលបានបើកបង្ហូរទឹកទម្លាក់តាមស្ទឹងជីនិត ដើម្បីនាំទឹកទៅសង្គ្រោះស្រូវប្រាំងប្រជាកសិករក្នុង ឃុំសំរោងសែន និងឃុំច្រណូក ស្រុកកំពង់លែង នាពេលនេះ។

សូមបញ្ជាក់ថា ទំនប់ស្ទាក់ទឹកកងមាស ស្ថិតក្នុងឃុំព្នៅនិងឃុំត្នោតជុំ  រវាងស្រុកសន្ទុក និងស្រុកបារាយណ៍ ខេត្តកំពង់ធំ។