សិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្ដីពីសុវត្ថិភាពម្ហូបអាហារ ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ និងគោលការណ៍ណែនាំមួយចំនួន ពាក់ព័ន្ធនឹងការផលិតស្រាប្រកបដោយសុវត្ថិភាព

13

 

ខេត្តកំពង់ធំ​ ៖ សិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្ដីពីសុវត្ថិភាពម្ហូបអាហារ ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ និង គោលការណ៍ណែនាំមួយចំនួន ពាក់ព័ន្ធនឹងការផលិតស្រាប្រកបដោយសុវត្ថិភាពបានធ្វើឡើងនាព្រឹកថ្ងៃទី ២០​ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោមអធិបតីភាព​ ឯកឧត្តម​ លី​ វេត អភិបាលរងខេត្ត​កំពង់ធំ និង លោក ស៊ិន ស៊ីដេត អគ្គនាយករង នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ នៃក្រសួងពាណិជ្ជកម្ម ហៅកាត់(ក.ប.ប) ក្នុងនោះក៏មានការចូលរួមពីវាគ្មិន និងប្រតិភូរបស់អគ្គនាយកដ្ឋាន   មន្ទីរអង្គភាពជុំវិញខេត្ត និង អ្នកពាក់ព័ន្ធផ្នែកផលិតនិងចែកចាយជាច្រើនផងដែរ  ។

ក្នុងឱកាសនោះ ឯកឧត្តម​ លី​ វេត បានថ្លែងអំណរគុណដល់អង្គសិក្ខាសាលានៅថ្ងៃនេះ​ នឹងបានកោតសសេីរដល់អគ្គនាយកដ្ឋានការពារអ្នកប្រេីប្រាស់​ កិច្ចការប្រកួតប្រជែងនឹងបង្រ្កាបការក្លែងបន្លំ​  “ក.ប.ប”​ និងសាខា​ ក.ប.ប​ ខេត្តកំពង់ធំ​ ដែរបានផ្តួចផ្តេីម​សិក្ខាសាលានេះឡេីង។

ឯកឧត្តម​ បានមានប្រសាន៍ថា​ កន្លងមក​ ការអភិវឌ្ឍខេត្តទាំងមូលយេីងបាននឹងកំពុងជម្រុញវិស័យសំខាន់ៗ​ ដូចជាពាណិជ្ជកម្ម​ វិនិយោគ​ ឧស្សាហកម្ម​ ទេសចរណ៍​ សិប្បកម្ម​ ហិរញ្ញវត្ថុ​ ធនាគារ​ សេវាដឹកជញ្ជូន​ សុខាភិបាល​ សំណង់​ នឹង​ ហេដ្ឋារចនាសម្ព័ន្ធ​ អចលនទ្រព្យនឹង​ វិស័យផ្សេងៗទៀត​ មានការកេីនឡេីងជាលំដាប់គួរអោយកត់សម្គាល់​ ។

បន្ថែមពីនេះឯកឧត្តម​ បានជំរុញអោយ​ផលិតករក្នុងស្រុកត្រូវប្រឹងប្រែងពង្រឹងគុណភាព​ សុវត្ថិភាព​ ការវិចខ្ចប់​ប្រកបដោយអនាម័យ​ នឹងដាក់ស្លាកថ្ងៃផលិតអោយបានត្រឹមត្រូវតាមបទដ្ឋាន​បច្ចេកទេស​ នឹងតាមតម្រូវការរបស់អ្នកប្រេីប្រាស់ជាមួយនឹងតម្លៃល្អដែលអាចប្រកួតប្រជែងជាមួយ​  ផលិតផលនាំចូល​។ កិច្ចការទាំងអស់នេះ​  ពិតជាត្រូវការពេលវេលានឹងការខិតខំប្រឹងប្រែងយ៉ាងខ្លាំង​ពីសំណាក់ផលិតករ​ ពាណិជ្ជករ​ កត្តាដែរមិនអាចខ្វះបានទៀតនោះគឺការចូលរួមគាំទ្រទិញផលិតផលខ្មែរពីប្រជាជនយេីង​ ដេីម្បីអោយផលិតផលក្នុងស្រុកមានភាពប្រកួតប្រជែង​ និងពង្រីងការធ្វេីទំនេីបកម្មផលិតផលរបស់ខ្លួនបាន។

លោក​ ឃួន​ សាវុធ​ ក៏បានបញ្ជាក់ផងដែរ​សិក្ខាសាលាថ្ងៃនេះពិតជាមានសារ:សំខាន់ណាស់ មានប្រយោជន៍ចំពោះបងប្អូនអាជីវករ អ្នកទទូលខុសត្រូវផ្ទាល់ការផលិតចែកចាយការលក់ និងស្ថាប័នពាក់ព័ន្ទមួយចំនួនផងដែរ ដើម្បីទទួលបានបទពិសោធន៍ ចំណេះដឹងថ្មីៗ បន្ថែមទៀតស្តីពីបទបញ្ញតិពាក់ព័ន្ធនានាអំពីច្បាប់សុវត្ថិភាពចំណីអាហារ ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ត្រូវតែគោរពអោយបានមុឺងម៉ាត់ក្នុងការចូលរួមការពារផលប្រយោជន៍​ និងសុខភាពប្រើប្រាស់ លើកជម្រុញការធ្វើពាណិជ្ជកម្មប្រកបដោយសុច្ចរិតភាព និង ម្ចាស់អាជីវកម្មម្ហូបអាហារជៀសផុតពីបញ្ហាប្រឈមនិងទោសទណ្ឌ ក្រោមច្បាប់ស្តីពីបទបញ្ជាទាំងឡាយ និងច្បាប់សុវត្ថិភាពម្ហូបអាហារកិច្ចការពារអ្នកប្រើប្រាស់។​

លោកក៏បានធ្វេីការក្រេីនរំលឹកដល់ប្រជាពលរដ្ឋផងដែរអោយមានការប្រុងប្រយ័ត្នបន្ថែមទៅលេីប្រភេទស្រាដែរអាចហូបបាន​ និង​មិនអាចហូបបានដែរអាចមានហានិភ័យ​ អាចបណ្តាលអោយគ្រោះថ្នាក់ដល់ជីវិតថែមទៀត កុំអោយបងប្អូនមានការយល់ច្រលំដោយសារតែសារធាតុផ្សំដូចគ្នានឹងក្លិនដូចគ្នា​ តែធាតុផ្សំដែរអាចបរិភោគបានមានតែអេតាណុលតែប៉ុណ្ណោះ​  រីឯសារធាតុមេតាណុលគឺសម្រាប់ប្រេីតែក្នុងការដុតប្រេងឥន្ធនៈ​ នឹងប្រេីប្រាស់នៅក្នុងស្ថាប័នសំណង់តែប៉ុណ្ណោះ​ ។​ ជាកិច្ចបញ្ចប់​ លោកក៏បានថ្លែងអំណរគុណដល់រដ្ឋបាលខេត្តកំពង់ធំដែរបានផ្តល់ឱកាសក្នុងការរៀបចំសិក្ខាសាលានេះឡេីងដេីម្បីជាប្រយោជន៍ដល់ប្រជាពលរដ្ឋ​ នឹងពាណិជ្ជករទាំងអស់បានយល់ដឹងបន្ថែមពីផលប៉ះពាល់នៃម្ហូបអាហារ​ ព្រមទាំងផ្តាំផ្ញេីរដល់ប្រជាពលរដ្ឋដែរពិសារស្រាទាំងអស់ពិសារដោយការទទួលខុសត្រូវ ។