លោក សុខ លូ អភិបាលបាត់ដំបង បញ្ជាដល់អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធសហការជាមួយមន្ត្រីជំនាញ ត្រូវធ្វើការបង្រ្កាបចំពោះអ្នករំលោភដីថ្មី ក្នុងដែនព្រៃលិចទឹកតំបន់៣ និងបទល្មើសនេសាទដោយគ្មានការលើកលែងឡើយ

21

 

បាត់ដំបង !:) ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង ក្នុងកិច្វប្រជុំគណបញ្ជាការឯកភាពខេត្តកាលពីថ្ងៃទី៥គុម្ភះបានបញ្ជាដល់អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់សហការជាមួយមន្ត្រីជំនាញ ត្រូវធ្វើការបង្រ្កាបចំពោះអ្នករំលោភដីថ្មី ក្នុងដែនព្រៃលិចទឹកតំបន់៣ និងបទល្មើសនេសាទដោយគ្មានការលើកលែងឡើយ។

ក្នុងនោះឯកឧត្តម សុខ លូ បានធ្វើការណែនាំក្នុងន័យបញ្ជាដល់អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ សហការជាមួយមន្ត្រីជំនាញ ត្រូវធ្វើការបង្រ្កាបចំពោះអ្នករំលោភដីថ្មី ក្នុងដែនព្រៃលិចទឹកតំបន់៣ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ក៏ដូចជាការបង្រ្កាបបទល្មើសនេសាទក្នុងតំបន់បឹងទន្លេសាប និងតំបន់ផ្សេងៗទៀតឱ្យបាន ដើម្បីថែរក្សាការពារសម្បត្តិធម្មជាតិរបស់ជាតិឱ្យបានគង់វង្ស ។

ឯកឧត្តមបានបញ្ជាក់ថា បញ្ហានៃបទល្មើសកាប់ទន្រ្ទានដីថ្មីនៅតំបន់៣ គឺមានការពាក់ព័ន្ធនឹងស្រុកចំនួន ៤ ប៉ុណ្ណោះ ដែលមានព្រំដែនជាប់តំបន់បឹងទន្លេសាប គឺស្រុកមោងឫស្សី ,សង្កែ ,ឯកភ្នំ ,និងស្រុកថ្មគោល ដែលកន្លងមករាជរដ្ឋាភិបាលកម្ពុជាបានសម្រេចធ្វើការកាត់ឆ្វៀលដីតំបន់៣ទាំងនោះដើម្បីផ្តល់ជូនប្រជាពលរដ្ឋសម្រាប់អាស្រ័យផលយ៉ាងណាក៏ដោយ តែនៅតែមានអ្នកចូលទៅកាប់ទន្ទ្រានបំផ្លាញព្រៃតំបន់៣ ដែលត្រូវមានការបង្រ្កាបឱ្យបានទាន់ពេលវេលា និងមិនមានការយោគយល់ មិនមានការលើកលែងឡើយ ដើម្បីការពារធនធានធម្មជាតិព្រៃលិចទឹក និងជីវៈចម្រុះផ្សេងៗរបស់ជាតិឱ្យបានគង់វង្ស ។

ដោយឡែកពាក់ព័ន្ធនឹងបទល្មើសនេសាទ ឯកឧត្តម ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង បានធ្វើការដាក់ជាបទបញ្ជាឱ្យចុះធ្វើការបង្ក្រាបជាបន្ទាន់នូវបទល្មើសនេសាទខុសច្បាប់ទាំងនៅតំបន់បឹងទន្លេសាប ទាំងនៅតំបន់អាងកំពីងពួយ អាងភាសន៍ និងតំបន់ទំនប់ស្ទាក់ទឹក សំខាន់នៅតាមដងស្ទឹងសង្កែ គឺទំនប់ស្ទាក់ទឹកពហុបំណងសេកសក ទំនប់កង្ហត ដែលត្រូវបានអ្នកនេសាទប្រើប្រាស់អាគុយឆក់ត្រី ដែលករណីនេះបានធ្វើឱ្យវិនាសបាត់បង់នូវជីវៈចម្រុះឬមច្ឆាជាតិទាំងពេលបច្ចុប្បន្ន និងតទៅអនាគត ក្នុងករណីនេះត្រូវតែបង្រ្កាបឱ្យបាន និងគ្មានការលើកលែងឡើយ។