ព្រីនស៍ស៊ុបភើម៉ាឃីតនឹងពង្រីកវិសាលភាពទីតាំងផ្សារទំនើបរបស់ខ្លួនអោយបាន១០ទីតាំងនៅភ្នំពេញក្នុងឆ្នាំនេះ

24

ព្រីនស៍ ស៊ុបភើម៉ាឃីត នឹងពង្រីកវិសាលភាពទីតាំងផ្សារទំនើបរបស់ខ្លួន អោយបាន១០ទីតាំងក្នុងរាជធានីភ្នំពេញក្នុងឆ្នាំនេះ ដើម្បីបំពេញតម្រូវការទិញទំនិញពីប្រជាពលរដ្ឋរស់នៅក្នុងទីក្រុង។លើកឡើងនៅក្នុងពិធីសម្ភោធន៍ផ្សារទំនើបទី៩ របស់ព្រីនស៍ស៊ុបភើម៉ាឃីត នៅជិតរង្វង់មូលកាំកូស៊ីធី នាព្រឹកថ្ងៃទី ៣០ ខែតុលានេះ លោក ឈិន ចិពីង នាយកប្រតិបត្តិផ្សារទំនើប Prince SuperMarket បានបញ្ជាក់ថា ការពង្រីកទីតាំងផ្សារទំនើបរបស់ព្រីនស៍ ជាបន្តបន្ទាប់នៅក្នុងរាជធានីភ្នំពេញនេះ គឺដោយសារយើងបានមើលឃើញពីតម្រូវការកើនឡើងនៃការទិញទំនិញអោយមានគុណភាព និងអនាម័យ ជាមួយនឹងតម្លៃសមរម្យ ពីប្រជាពលរដ្ឋក្នុងទីក្រុងមានការកើនឡើង ខណៈដែលកម្រិតជីវភាពពលរដ្ឋកម្ពុជា កំពុងមានភាពល្អប្រសើរ។លោកបន្តថា វត្តមានរបស់ព្រីនស៍ស៊ុបពើម៉ាឃីត ក្នុងទីផ្សារកម្ពុជា មិនត្រឹមតែអាចបំពេញបាននូវតម្រូវការរបស់អតិថិជនប៉ុណ្ណោះទេ តែក្រុមមហ៊ុនយើង ក៏បានចូលរួមបង្កើតជាការងារដល់ពលរដ្ឋកម្ពុជាផងដែរ ដែលជាក់ស្ដែងក្រុមហ៊ុនព្រីនស៍ បានផ្តល់ឱកាសការងារប្រមណ៨០%ជូនដល់ពលរដ្ឋកម្ពុជានៃចំនួនបុគ្គលិកសរុបរបស់ខ្លួន។លោកបញ្ជាក់ថា ផ្សារទំនើបទី៩ Prince SuperMarket នេះ មានទំនិញចំរុះជាច្រើនពាន់មុខ ដោយទំនិញទាំងនោះ ប្រមាណជា ៧០% ជាផលិតផលរបស់ខ្មែរ និងក្រៅពីនោះជាផលិតផលនាំចូលពីក្រៅប្រទេសដូចជា ចិន ថៃ និងជប៉ុន ជាដើម។ ផ្សារទំនើបនេះ មានគោលការណ៍រួម ៤យ៉ាងគឺ សេវាកម្ម, ផលិតផល, តម្លៃ, ភាពស្រស់នៃទំនិញ សម្រាប់ប្រជាជនកម្ពុជាដែលមានជីវភាពមធ្យម ដែលអាចទិញទំនិញប្រកបដោយគុណភាពល្អ ជាពិសេសគឺការបញ្ចុះតម្លៃ និងការផ្តល់ជូននូវរង្វាន់ផ្សេងៗ ដោយក្នុងឱកាសបុណ្យអ៊ុំទូក នាថ្ងៃទី១១ ខែវិច្ឆិកា ខាងមុខនេះផ្សារទំនើបព្រីនស៍ និងផ្តល់ជូននូវការបញ្ចុះតម្លៃលើមុខទំនិញជាច្រើនមុខរហូតដល់50%ផងដែរ។ ក្រៅពីនោះក្រុមហ៊ុន ក៏មានបំរើនូវសេវាដឹកជញ្ជូនដោយឥតគិតថ្លៃផងដែរ សម្រាប់អតិថិជនដែលបញ្ជីទិញចាប់ពី១៥ដុល្លារឡើងទៅ។គួរបញ្ជាក់ថានេះជាសាខាទី៨ហើយ របស់ផ្សារទំនើប Prince SuperMarket ដែលត្រូវបានវិនិយោគដោយ ក្រុមហ៊ុន Prince Real Estate Group ហើយជាចក្ខុវិស័យរបស់ក្រុមហ៊ុន គ្រោងនឹងពង្រីក អោយបានច្រើនទីតាំងបន្ថែមទៀត ក្នុងរាជធានីភ្នំពេញ ដោយក្នុងឆ្នាំនេះ នឹងបើកអោយបាន ១០សាខាបន្ថែម មុននឹងឈានទៅខេត្តព្រះសីហនុ សៀមរាប និងប៉ោយប៉ែតជាដើម៕