សមាគមសហគ្រិនចិនហ្វូសាន៖ កម្ពុជានៅមានសន្តានុពលច្រើនលើវិស័យវាយនភណ្ឌ អគ្គិសនី ម្ហូបអាហារ និងទេសចរ

49

ភ្នំពេញ ថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០១៩៖ ប្រធានសមាគមសហគ្រិនចិនហ្វូសាននៅកម្ពុជា បង្ហាញការចាប់អារម្មណ៍ខ្លាំងលើការវិនិយោគនៅកម្ពុជា ដោយនឹងផ្តោតសំខាន់ទៅលើ វិស័យវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ អគ្គិសនី និងម្ហូបអាហារជាដើម ព្រមទាំងសន្យាជំរុញកំណើនទេសចរ-អ្នកវិនិយោគចិន អោយមកកម្ពុជាកើនឡើងឱ្យបានច្រើន។ក្នុងពិធីសម្ពោធសមាគមសហគ្រិនចិនហ្វូសាននៅកម្ពុជា នាយប់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ នៅខុនដូលីហួត រាជធានីភ្នំពេញ ធ្វើឡើងក្រោមវត្តមានសម្ដេចព្រះរៀម នរោត្តម បុប្ផាទេវី លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោក ឆាយ វៃស៊ឹង តំណាងរដ្ឋាភិបាលក្រុងហ្វូសាន លោក លី ហ៊ួត ប្រធានសមាគមសហគ្រិនចិនហ្វូសាននៅកម្ពុជា ថ្នាក់ដឹកនាំ និងសមាជិកសមាគម ព្រមទាំងភ្ញៀវកិត្តិយសជាច្រើនរយនាក់។នាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន បានថ្លែងថា ​នៅឆ្នាំ២០១៨ កម្ពុជាទទួលបានទេសចរអន្តរជាតិប្រមាណ ៦.២លាននាក់ ក្នុងកំណើន ១១% ក្នុងនោះទេសចរចិនមានប្រមាណជាង ២លាននាក់ ឈរលំដាប់លេខ១ ក្នុងចំណោមទីផ្សារធំៗទាំង១០។ ក្នុងរយៈពេល៤ខែដើមឆ្នាំ២០១៩ កម្ពុជាទទួលបានទេសចរអន្តរជាតិចំនួន ២.៤លាននាក់ កើនឡើង ១១% ក្នុងនោះទេសចរចិនមានចំនួន ៨៨៧,០៣៩នាក់ កើនឡើង ៣៧% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៨។

ឯកឧត្តមរដ្ឋមន្ត្រីបានបន្តថា ឆ្នាំ២០១៩នេះ កម្ពុជាសង្ឃឹមថានឹងទទួលបានទេសចរចិនប្រមាណ ២.៦លាននាក់ និងប្រមាណ ៣លាននាក់ នៅឆ្នាំ២០២០ លើសផែនការកំណត់ដែលបានគ្រោងទុក ហើយ៥លាននាក់ នៅឆ្នាំ២០២៥ និងប្រមាណ ៨លាននាក់ នៅឆ្នាំ២០៣០។

ឯកឧត្តមលើកឡើងទៀតថា ចិនគឺជាប្រទេសដែលបានវិនិយោគធំជាងគេលំដាប់ទី១នៅកម្ពុជា ដោយក្នុងនោះកាលពីឆ្នាំ២០១៨ កន្លងមក វិនិយោគទុនចិនមានទំហំប្រមាណ ២.៧ពាន់លានដុល្លារ ស្មើនឹងប្រមាណ ៤៨.២% នៃទំហំវិនិយោគសរុបនៅកម្ពុជា។បើតាមឯកឧត្តម ថោង ខុន ដើម្បីប្រែក្លាយគោលដៅទេសចរណ៍កម្ពុជាជាគោលដៅដែលមានភាពទាក់ទាញ និងធ្វើឲ្យទេសចរដែលមកទស្សនាស្នាក់យូរ និងចំណាយច្រើន កម្ពុជាបន្តកិច្ចខិតខំពង្រឹងការគ្រប់គ្រង និងអភិវឌ្ឍគោលដៅផលិតផលទេសចរណ៍ដែលមានស្រាប់ និងបន្តទាក់ទាញការវិនិយោគលើការបង្កើតផលិតផលទេសចរណ៍ថ្មីៗបន្ថែមទៀត នៅតំបន់សៀមរាបអង្គរ រាជធានីភ្នំពេញ តំបន់ឆ្នេរសមុទ្រ និងតំបន់អេកូទេសចរណ៍ ដូចជាទីក្រុងទេសចរណ៍ស្អាត និងបៃតងថ្មីទំនើប តំបន់ទេសចរណ៍ដ៏ទាក់ទាញនៅតំបន់ឆ្នេរ-កោះ មជ្ឈមណ្ឌលវិស្សមកាល និងកីឡាទេសចរណ៍ រមណីយដ្ឋានទេសចរវ័យចំណាស់ សួនទេសចរណ៍កម្សាន្តរបស់កុមារ ហាងលក់ទំនិញទំនើបៗ ភោជនីយដ្ឋានលំដាប់ខ្ពស់ សណ្ឋាគារប្រណីតៗលំដាប់ផ្កាយ៤ ផ្កាយ៥ជាដើម អាស្រ័យដោយហេតុថាបរិយាកាសវិនិយោគនៅកម្ពុជា គឺកាន់តែសាមញ្ញ ងាយស្រួល បើកចំហ និងសេរី។
ជាមួយគ្នានោះ លោកឧកញ៉ា លី ហួត បានលើកឡើងថា ថ្នាក់ដឹកនាំ និងសមាជិកសមាគមសហគ្រិនចិនហ្វូសាននៅកម្ពុជា ពិតជាមានចំណាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការវិនិយោគនៅកម្ពុជា ក្នុងនោះមានវិស័យវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ ទេសចរណ៍ អគ្គិសនី ម្ហូបអាហារជាដើម។

លោកឧកញ៉ា លី ហួត បានបន្តថា តាមការលើកឡើងរបស់លោករដ្ឋមន្ត្រី ថោង ខុន សមាគមសហគ្រិនចិនហ្វូសាននៅកម្ពុជា នឹងចូលរួមជំរុញកំណើនទេសចរ និងអ្នកវិនិយោគចិនពីតំបន់ហ្វូសានមកទស្សនា និងមកបណ្ដាក់ទុនវិនិយោគនៅកម្ពុជាឱ្យបានកាន់តែច្រើន។លោកថា គ្រាន់តែតំបន់ហ្វូសានរបស់លោកមួយ មានប្រជាពលរដ្ឋដល់ទៅជាង ៧លាននាក់ ហើយបើធ្វើដណើរពីតំបន់ហ្វូសានមកកម្ពុជា ចំណាយពេលតែជាង២ម៉ោងកន្លះប៉ុណ្ណោះ។

ជាការរំពឹងទុករបស់រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា តាមរយៈការសម្ពោធសមាគមសហគ្រិនចិនហ្វូសាននៅកម្ពុជានេះ នឹងជួយផ្សព្វផ្សាយដល់វិនិយោគិន និងប្រតិបត្តិករទេសចរណ៍ ក៏ដូចជាប្រជាជនចិនជាបងប្អូន អញ្ជើញមកទស្សនា និងវិនិយោគនៅកម្ពុជាឲ្យកាន់តែច្រើនថែមទៀត ក្រោមម្លប់សន្តិភាព «កម្ពុជា៖ ព្រះរាជាណាចក្រអច្ឆរិយៈ និងផ្តល់ភាពកក់ក្តៅ»៕