Ronaldo ទទួលយកការផាកពិន័យសម្រាប់ការគេចវេសបង់ពន្ធ

25

តារាបាល់ទាត់សញ្ជាតិព័រទុយហ្គាល់ Cristiano Ronaldo ត្រូវបានពិន័យប្រាក់ជិត 19 លានអឺរ៉ូ (21,6 លានដុល្លារអាមេរិក) សម្រាប់ការលួចបន្លំពន្ធកាលពីថ្ងៃអង្គារ ដើម្បីជៀសផុតពីការជាប់ពន្ធនាគាររយៈពេល 23 ខែ បន្ទាប់ពីបានយល់ព្រមលើកិច្ចព្រមព្រៀងបង់ប្រាក់ពិន័យ។

កីឡាករ Ronaldo កាន់ដៃបណ្តើគ្នាជាមួយនឹងគូដណ្ដឹងរបស់គាត់គឺ Georgina Rodriguez បានចេញពីបន្ទប់សវនាការដោយញញឹម និងចុះហត្ថលេខាមុនពេលចូលទៅក្នុងឡានពណ៌ខ្មៅ។

ខ្សែប្រយុទ្ធក្លិប Juventus វ័យ 33 ឆ្នាំរូបនេះដែលលេងឱ្យក្រុម Real Madrid ពីឆ្នាំ 2009 ដល់ឆ្នាំ 2018 បានយល់ព្រមដោះស្រាយរឿងក្តីនេះដោយបង់ប្រាក់ពិន័យចំនួន 18,8 លានអឺរ៉ូនិងទទួលយកការព្យួរទោសជាប់ពន្ធនាគារផងដែរ។

នៅក្រោមច្បាប់អេស្ប៉ាញ ជនល្មើសដំបូងអាចទទួលទោសតិចជាងពីរឆ្នាំដោយស្ថិតនៅក្រៅឃុំ ហើយកីឡាករ Ronaldo នឹងមិនត្រូវជាប់គុកទេ។

នៅឆ្នាំ 2017 កីឡាករ Ronaldo បានបដិសេធការចោទប្រកាន់ដែលថាលោកបានប្រើរចនាសម្ព័ន្ធអាជីវកម្មមួយដោយចេតនាដើម្បីលាក់ប្រាក់ចំណូលដែលបានបង្កើតដោយសិទ្ធិរូបភាពរបស់គាត់នៅក្នុងប្រទេសអេស្ប៉ាញរវាងឆ្នាំ 2011 និង 2014។

បន្ទាប់ពីបានឈានដល់កិច្ចព្រមព្រៀងនេះ លោកបានបង់ពិន័យ 5,7 លានអឺរ៉ូរួមទាំងការប្រាក់ប្រមាណ 1 លានអឺរ៉ូនៅក្នុងខែកក្កដាឆ្នាំ 2018 នេះបើយោងតាមការិយាល័យព្រះរាជអាជ្ញាបានឱ្យដឹងកាលពីសប្តាហ៍មុន៕