World Cup: Pogba ឧទិ្ទសជ័យជម្នះរបស់បារាំងដល់អ្នករស់រានមានជីវិតពីរូងភ្នំនៅថៃ

52

កីឡាករ Paul Pogba បានឧទិ្ទសជ័យជម្នះរបស់ក្រុមបាល់ទាត់បារាំងក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃការប្រកួតជាមួយក្រុមបាល់ទាត់បែលហ្ស៊ិកទៅដល់ក្មេងប្រុសទាំង 12 នាក់ដែលបានរស់រានមានជីវិតពីការជួបជាប់ខ្លួនដ៏រន្ធត់នៅក្នុងរូងភ្នំនៅប្រទេសថៃ។សមាជិកក្រុមបាល់ទាត់វ័យក្មេង 5 នាក់ចុងក្រោយត្រូវបានគេជួយសង្គ្រោះពីរូងភ្នំលិចទឹកកាលពីថ្ងៃអង្គារ៍ទី10 ខែកក្តដា បន្ទាប់ពីបានចំណាយពេល 18 ថ្ងៃជាប់គាំងនៅខាងក្នុងរូបភ្នំដោយបានបំពេញបេសកកម្មជួយសង្គ្រោះដ៏ភ្នាក់ផ្អើលដែលធ្វើអោយពិភពលោកចាប់អារម្មណ៍។

អ្នកមុជទឹកបរទេស Elite និង កងនាវាជើងទឹក SEALs របស់ថៃបានយកចេញក្មេងប្រុស 4 នាក់ចុងក្រោយនិងគ្រូបង្វឹកអាយុ 25 ឆ្នាំតាមរយៈផ្លូវវាងមួយដ៏គ្រោះថ្នាក់ដែលតម្រូវឱ្យពួកគេត្បៀតខ្លួនតាមផ្លូវរូងក្រោមដីតូចចង្អៀតដែលពោរពេញដោយទឹកក្នុងសភាពងងឹត។

បន្ទាប់ពីជ័យជម្នះក្នុងលទ្ធផល 1-0 ក្នុងកីឡដ្ឋាន Saint Petersburg ខ្សែបម្រើកណ្តាល Pogba របស់ក្លិប Manchester United បានសរសេរតាម Twitter ថា “ជ័យជម្នះនេះនឹងទៅដល់វីរបុរសនៃថ្ងៃនេះ អបអរសាទរក្មេងៗ អ្នកពិតជាខ្លាំងណាស់”។ប្រធានរបស់ FIFA លោក Gianni Infantino បានអញ្ជើញក្រុមកីឡាករបាល់ទាត់ក្មេងប្រុសក្រុម Wild Boars ទៅទស្សនាការប្រកួតវគ្គផ្តាច់ព្រ័ត្រ World Cup កាលពីថ្ងៃអាទិត្យសប្តាហ៍មុន។

ប៉ុន្តែ FIFA បាននិយាយថាវាត្រូវបានគេជូនដំណឹងថា “ដោយសារតែមូលហេតុសុខភាព ក្មេងប្រុសនឹងមិនអាចធ្វើដំណើរទៅកាន់ទីក្រុងម៉ូស្គូបានទេ”។អ្នកនាំពាក្យរូបនេះបាននិយាយថា “អាទិភាពរបស់ FIFA គឺសុខភាពរបស់មនុស្សគ្រប់គ្នាដែលចូលរួមនៅក្នុងប្រតិបត្តិការនេះ ហើយយើងនឹងស្វែងរកឱកាសថ្មីដើម្បីអញ្ជើញក្មេងៗទៅចូលរួមព្រឹត្តិការណ៍របស់ FIFA ដើម្បីចែករំលែកជាមួយពួកគេនូវពេលវេលានៃទំនាក់ទនងដ៏ស្និទ្ឋស្នាលនិងការអបអរសាទរ”។

កីឡាករបាល់ទាត់ថៃដែលមានអាយុពី 11 ទៅ 16 ឆ្នាំបានជាប់ខ្លួនយ៉ាងជ្រៅនៅក្នុងល្អាងបន្ទាប់ពីបានចូលទៅក្នុងល្អាងជាមួយនឹងគ្រូបង្វឹករបស់ពួកគេបន្ទាប់ពីការហ្វឹកហាត់កាលពីថ្ងៃ 23 ខែមិថុនា។FIFA ក៏បានសម្តែងនូវទុក្ខក្រៀមក្រំចំពោះក្រុមគ្រួសាររបស់កងនាវាថៃដែលបានស្លាប់បន្ទាប់ពីខ្វះខ្យល់អុកស៊ីសែននៅក្នុងប្រតិបត្តិការសង្គ្រោះកាលពីថ្ងៃសុក្រ។ FIFA បាននិយាយថា “គំនិតរបស់យើងគឺនៅជាមួយក្រុមគ្រួសាររបស់គាត់”៕