ក្រុមមាន់គកបារាំងប្រកួតឈ្នះក្រុមកុងហ្គូរូអូស្ត្រាលី

177

នៅថ្ងៃទី 3 នៃការប្រកួតបាល់ទាត់ពិភពលោករបស់ FIFA ក្នុងប្រទេសរុស្ស៊ី ក្រុមបាល់ទាត់បារាំងបានផ្តួលក្រុមបាល់ទាត់អូស្ត្រាលីក្នុងលទ្ធផល 2-1 នៅក្នុងការប្រកួតមួយក្នុងចំណោមការប្រកួតវគ្គជម្រុះក្នុងពូល។ក្រុមបាល់ទាត់អូស្ត្រាលីជាប់ចំណាត់ថ្នាក់លេខ 36 នៅលើពិភពលោក បានផ្តល់ឱ្យបារាំងដែលមានចំណាត់ថ្នាក់លេខ 7 នូវការព្រួយបារម្មណ៍ក្រៃលែងនៅក្នុងការប្រកួតបើកឆាករបស់ពួកគេក្នុងពូល C។

ការការពារដ៏រឹងមាំរបស់ក្រុមអូស្រ្តាលីបានរារាំងការវាយសម្រុករបស់ក្រុមបារាំង ហើយការប្រកួតតង់ទី 1 បានបញ្ចប់ដោយគ្មានគ្រាប់បាល់បញ្ចូលទីក្នុងក្រុមណាមួយឡើយ។ប៉ុន្តែសកម្មភាពនៃការប្រកួតបានផ្លាស់ប្តូរនៅក្នុងតង់ទីពីរ។ កីឡាករ Antonie Griezmann របស់បារាំងស៊ុតបញ្ចូលទីគ្រាប់ដំបូងនៃការប្រកួតជាមួយនឹងការទាត់បាល់ពិន័យប៉េណាល់ទីនៅនាទីទី 58។

បួននាទីក្រោយមក កីឡាករ Mile Jedinak របស់អូស្ត្រាលីបានស៊ុតបញ្ចូលទីអោយស្មើជាមួយក្រុមបារាំងតាមរយៈការស៊ុតបាល់ប៉េណាល់ទីរបស់គេ។ក្រុមបារាំងបាននាំមុខក្នុងលទ្ធផលល្អនៅពេលដែលកីឡាករ Paul Pogba បានរកគ្រាប់បាល់ទី២ ដោយការស៊ុតបាល់នៅខាងក្រៅរបារដែលបានផ្លោតចូលក្នុងទីរបស់ក្រុមអូស្ត្រាលី។

ក្រុមបារាំងនឹងជួបជាមួយក្រុមប៉េរូនៅការប្រកួតបន្ទាប់របស់ពួកគេ ហើយក្រុមអូស្ត្រាលីនឹងជួបជាមួយក្រុមដាណឺម៉ាក៕