តុលាការឧទ្ធរណ៍កូរ៉េខាងត្បូងបន្ថែមទោសដល់លោកស្រីផាក

41

តុលាការឧទ្ធរណ៍នៅប្រទេសកូរ៉េខាងត្បូងបានពង្រីកទោសជាប់ពន្ធនាគារដល់អតីតប្រធានាធិបតីកូរ៉េខាងត្បូងលោកស្រីផាក គីនហេ ដោយបន្ថែម 1 ឆ្នាំរហូតដល់ 25 ឆ្នាំ។

លោកស្រីផាកត្រូវបានចោទប្រកាន់ពីបទឃុបឃិតជាមួយអ្នកស្និទ្ធស្នាលយូរអង្វែងរបស់លោកស្រីដើម្បីទទួលបាន ឬធានាការសន្យាទទួលសំណូកដែលមានតម្លៃប្រហែល 53 លានដុល្លារពីក្រុមហ៊ុនធំៗរួមទាំងក្រុមហ៊ុន Samsung និង Lotte។

កាលពីខែមេសា តុលាការជាន់ទាបបានកាត់ទោសជាប់គុក 24 ឆ្នាំ និងពិន័យជាប្រាក់ចំនួន 16 លានដុល្លារ។

ព្រះរាជអាជ្ញាបានអំពាវនាវការសម្រេចនេះ ដោយទាមទារឱ្យមានការកាត់ទោសរយៈពេល 30 ឆ្នាំនិងពិន័យជាប្រាក់ប្រហែល 108 លានដុល្លារ។

កាលពីថ្ងៃសុក្រ តុលាការជាន់ខ្ពស់ទីក្រុងសេអ៊ូលបាននិយាយថាការបង់ប្រាក់មួយចំនួនរបស់ក្រុមហ៊ុន Samsung ទៅឱ្យលោកស្រីផាកបានបង្កើតសំណូកដើម្បីជួយឱ្យក្រុមហ៊ុននេះបញ្ចប់ការរួមបញ្ចូលគ្នានៃបណ្តាក្រុមហ៊ុនដែលត្រូវការសម្រាប់អ្នកស្នងតំណែងជាមេដឹកនាំដោយរលូន។

វារិះគន់លោកស្រីផាកសម្រាប់ការបដិសេធការចោទប្រកាន់ដែលមិនបង្ហាញសញ្ញានៃការយកចិត្តទុកដាក់ខ្លាំងនិងការដាក់ស្តីបន្ទោសទៅលើអ្នកដទៃ។

វាក៏បានរិះគន់លោកស្រីផងដែរចំពោះការធ្វើពហិការមិនចូលរួមក្នុងនីតិវិធីតុលាការចាប់តាំងពីខែតុលាឆ្នាំមុន។ វាបាននិយាយថាចុងចោទបានបដិសេធមិនចូលរួមក្នុងកិច្ចដំណើរការនីតិវិធីដោយគ្មានមូលហេតុសមហេតុផល ដោយរំលោភលើការរំពឹងទុករបស់សាធារណជនចំពោះការសាកសួរការពិត។

តុលាការក៏ពិន័យប្រាក់ពីលោកស្រីផាកប្រហែល 18 លានដុល្លារ។

រឿងអាស្រូវនេះបាននាំឱ្យមានការចោទប្រកាន់ដល់លោកស្រីផាកនិងការដកចេញជាផ្លូវការពីដំណែងដោយតុលាការធម្មនុញ្ញកាលពីខែមីនាឆ្នាំមុន៕